គ.ជ.ប បានប្រកាសឲ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ មានរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃចុងក្រោយនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ គ.ជ.ប បានឲ្យដឹងថា ដើម្បីបម្រើការដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គ.ជ.ប បានរៀបចំការិយាល័យផ្តល់សេវានៅតាមសាលាឃុំ សង្កាត់ទាំង ១ពាន់៦៤៦នៅទូទាំងប្រទេស។ ដើម្បីចុះឈ្មោះបោះ ឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណបណ្ណ។







