(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានអាជ្ញាធរមីនកម្ពុជា បានស្នើសុំឲ្យអោយលោក Sean Burnke នាយកកម្មវិធី បន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដើម្បីធានាឲ្យដំណើរការនៃការងារបោស សម្អាតមីនឲ្យកាន់តែប្រសើរឡើង ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបនេះ។ ការបញ្ជាក់នេះធ្វើឡើង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ននៅទីស្នាក់ការអាជ្ញាធរមីន ក្នុងឱកាសអនុញ្ញាតឲ្យ លោក Sean Burke នាយកកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋ អាមេរិក ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសម្ភារៈទាំងនេះពិតជាបានចូលរួមពន្លឿនដល់ការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ កម្មវិធី HDR&D បានផ្តល់សម្ភារៈបច្ចេកវិទ្យានេះគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អង្គការ HALO Trust អង្គការ MAG និងអង្គការ NPA ៕






