ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ប្រចាំក្រុងច្បារមន ត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញ ក៏ឃាត់សួរនាំ ឈានទៅឃាត់ខ្លួនមេធំ ដែលជួញដូរ និងចែកចាយគ្រឿងញៀន ដល់ក្នុងផ្ទះតែម្តង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមសម្តី របស់មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ខាងលើនោះ គឺ កម្លាំងរបស់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលក្រុង ធ្វើការល្បាតតាមមូលដ្ឋាន ក៏បានជួបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ នៅចំណុចផ្លូវលំភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងតែជិះម៉ូតូម្នាក់ឯងមានឈ្មោះ សៅ សុខកែម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់ នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានការសង្ស័យ ក៏ឃាត់ឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនចំនួន០១កញ្ចប់តូច និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដា C100 (សង់) មួយគ្រឿងស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C.3671 ហើយបានឆ្លើយសារភាពថា រូបគេបានទិញគ្រឿងញៀននេះ ពីផ្ទះមួយកន្លែង នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលបន្តទៀតថា បន្ទាប់ពីបានចម្លើយសារភាពរបស់បុរសសង្ស័យខាងលើរួចហើយ កម្លាំងនគរបាល ក៏បានសុំយោបល់ពីលោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអោយលោវរសេនីយ៏ឯក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមន ឆែកឆេរផ្ទះខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ មាន
ឈ្មោះនួន ណារិន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ៣៦ឆ្នាំ ភូមិផ្សារសាមគ្គី កណ្តោលដុំ ក្រុងច្បារមន មុខរបមិនពិតប្រាកដនោះទេ (ជាកន្លែងផ្តល់ទីតាំងអោយក្មេងស្ទាវសេពគ្រឿងញៀនថែមទៀតផង)។ ប្រតិបត្ដិការដកហូតវត្ថុតាងរួមមាន៖ ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន ៥ដុំ, ទូរស័ព្ទ ០៤គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។ សរុប ថ្នាំ១កញ្ចប់ ថង់វិចខ្ចប់៥ដុំ ទូរស័ព្ទចំនួន០៥គ្រឿង,ម៉ូតូចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ថែមទៀតផង។
បច្ចុប្បន្នក្រុមជនសង្ស័យ រួមជាមួយនឹងវត្ថុតាងជាច្រើនខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តចាត់ការតាមនិតិវិធី៕ អ៊ុ ណូន








