(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១)៖ លោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំងនគរបាល១ក្រុមចុះធ្វើការត្រួតពិនិត្យនិងពង្រឹងការងារតាមបន្ទាត់ព្រំដែនទប់ស្កាត់រាល់បទល្មើសផ្សេងៗ ពិសេសមេខ្យល់នាំពលករចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់ឲ្យដឹងថា៖ ការចុះត្រួតពិនិត្យតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃនេះ គឺជាការលើកទឹកចិត្តដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារតាមគោលដៅនិងបានជំរុញឲ្យកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេសត្រូវ ចាត់វិធានការឲ្យបានតឹងរ៉ឹង ចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាល នៃជំងឺកូវីដ.១៩ ។
ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខ្លួនទទួលខុសត្រូវ ទប់ស្កាត់ឲ្យខាងតែបានចំពោះការលួចឆ្លងដែនដោយខុសច្បាប់របស់ពលករខ្មែរនិងស្រាវជ្រាវរកឲ្យឃើញមុខសញ្ញាមេខ្សល់ដែលនាំឆ្លង ដែន ចំពោះពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ត្រូវពិនិត្យវាស់កំដៅនិងនាំគាត់ទៅធ្វើចត្តាឡីស័កតាមមណ្ឌល ដើម្បីត្រួតពិនិត្យរកមេរោគកូវីដ១៩។
ទន្ទឹមនោះផងដែរ ទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ត្រូវតែរក្សាសុខភាព និងមានអនាម័យខ្ពស់ ដូចជាលាងដៃនិងសាប៊ូ អាលកុល ឬជែល និងពាក់ម៉ាស់ រក្សាគំលាត ព្រោះវាជាកិច្ចការចម្បង ដែលត្រូវ អនុវត្តដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង និង គោរព តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគោរព អនុវត្ត អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






