ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស្លឹក ជញ្ជាំងស្លឹក ក្រាលរនាបឬសី្ស មានទំហំ 4គុណនឹង 5ម៉ែត្រ ត្រូវបានឆេះខ្ទេចទាំងស្រុង ដោយសារតែយុវជនជាកូនប្រុសម្នាក់ បានយកស្លឹកត្នោតដុតឆេះខ្ទេចតែម្ដង បន្ទាប់ពីខឹងម្តាយឪពុក មិនឲ្យប្លង់ដីយកទៅបញ្ចាំ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង 3និង 30នាទីរសៀល ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 នៅភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូណ៏។ យ៉ាងនេះក្តី ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងប្រជាការពារ បានចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ទៅឲ្យសមត្ថកិច្ចផងដែរ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យជាកូនដែលបានដុតផ្ទះម្តាយឪពុក បណ្ដាលឱ្យឆេះខ្ទេច មានឈ្មោះ លឹង ឆើត អាយុ 29ឆ្នាំ មានម្តាយឈ្មោះ លឹង ហាន អាយុ61ឆ្នាំ និងឪពុកឈ្មោះ ព្រំ សំណាង អាយុ 56ឆ្នាំ។
ប្រភពដដែលបានប្រាប់ទៀតថា មុនពេលកើតហេតុ កូនប្រុសដែលជាជនប្រមឹកម្នាក់នេះ បានទៅសុំយកប្លង់ដីម្ដាយឪពុក យកទៅបញ្ចាំដើម្បីទិញម៉ូតូ ក៏ប៉ុន្តែម្ដាយឪពុកមិនឲ្យ ក៏កើតហិង្សា យកធាងត្នោតងាប់ចំនួន 3ធាង ទៅដុតផ្ទះបណ្ដាលឱ្យឆេះខ្ទេចទាំងស្រុងតែម្ដង។
ក្រោយពេលកើតហេតុ កំលាំងប្រជាការពារ បានទៅចាប់ឃាត់ខ្លួនជនសង្ស័យ នឹងប្រគល់ទៅឲ្យសមត្ថកិច្ច ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ប្រភពដដែលបានបន្តថា យុវជនខាងលើផឹកស្រាជារៀងរាល់ថ្ងៃ មិនបានចេះរកស៊ីអ្វីនោះទេ និងបានបំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយជាច្រើន។ លើកនេះបែកគំនិតសុំប្លង់ដីឪពុកម្តាយ យកទៅបញ្ចាំមិនបាន ក៏កើតអំពើហិង្សានេះតែម្តង៕ ពៅ សុខហ៊ាន






