នារសៀលថ្ងៃទី២២ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) តាមប្រព័ន្ធឌីជីតាល់ (Digital) នៅទីស្តីការនាយករដ្ឋមន្ត្រីនៃវិមានសន្តិភាព។
វិបត្តិកូវីដ-១៩ បានបង្កការបំផ្លិចបំផ្លាញដល់សង្គមនិងសេដ្ឋកិច្ចនិងជាឧបសគ្គធំមួយដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិការដាក់ពិភពលោកឱ្យដើរលើផ្លូវនៃកំណើនប្រកបដោយចីរភាព សមភាព។នៅក្នុងបរិបទនៃមហាសន្និបាតអង្គការសហប្រជាជាតិ វេទិកាសេដ្ឋកិច្ចពិភពលោកបានរៀបចំកិច្ចប្រជុំកំពូលស្តីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពនិងនិរន្តរភាពពេញលេញ។
គួរជម្រាបថា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)នឹងកោះប្រជុំមេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសង្គមស៊ីវិល រួមជាមួយក្រុមអ្នកជំនាញដើម្បីផ្តួចផ្តើម,បង្កើនល្បឿននិងពង្រីកដំណោះស្រាយដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ៕





