ព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែង និងម្នាក់ទៀតរងរបួស កាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ 53-54 ស្ថិតក្នុងភូមិវៃវេទ ឃំុ រាប ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតឈ្មោះ ឡុញ លាប ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ បើកម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខ “ភ្នំពេញ” 1J.7781។ ចំណែកអ្នករងរបួសឈ្មោះ ណាង និត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បើកម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ “បន្ទាយមានជ័យ” 1H.4031 ត្រូវបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ប្រភពព៌តមាននិយាយថា មុនពេលកើតហេតុគេឃើញភាគីម៉ូតូ C125 បើកបរម្នាក់ឯង (ពាក់មួកសុវត្ថិភាព)ក្នុងទិសដៅពី កើតទៅលិច។ លុះមកដល់ចំណុចខាងលើ ក៍បានទៅបុកជាមួយភាគីម៉ូតូម៉ាក វ៉េវ បើកបរម្នាក់ឯងកាត់ទទឹងថ្នល់ ពីជើង ទៅត្បូង (អត់ពាក់មួកសុវត្ថិភាព) ពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូម៉ាក វ៉េវ ដួលបោកក្បាលដាច់ខ្យលស្លាប់ភ្លាមរំពេច នៅនិងកន្លែង។ រីឯអ្នកបើកបរម៉ូតូម៉ាក C125 រងរបួស។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការវាស់វែងយកវត្ថុតាង ម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសព ប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សឹុម សាន់









