ភ្នំពេញ ៖ ទីតាំងលួចលាក់បញ្ចលមេជីវិតឲ្យពពោះ មួយកន្លែងត្រូវបានកម្លាំងនគរបាលការយាល័យប្រឆាំង ការជួញដូរ មនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណជាមួយអាជ្ញាធរ និងសមត្ថកិច្ច
ខណ្ឌឬស្សីកែវ ចុះបង្ក្រាបដោយឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ មេកា២នាក់ និងរកឃើញស្ត្រីមានផ្ទៃពោះចំនួន៣៧នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការចុះបង្ក្រាបទីតាំងនេះក្រោមការសម្របសម្រួលពី លោក កួច គឹមទ្បុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
តាមនគរបាលបានអោយដឹងថា នៅក្នុងការចុះឆែកសមត្ថកិច្ច បានឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិចិន មេកា២នាក់ និងរកឃើញស្ត្រីមានផ្ទៃពោះ ចំនួន៣៧នាក់ ព្រមទាំង ដកហូតរថយន្ត ០២គ្រឿង ម៉ាកLx470 ០១គ្រឿង និងម៉ាកសាំយ៉ុង ០១គ្រឿង រួមនិងម៉ូតូ០១គ្រឿងផងដែរ។
ជនសង្ស័យ និងស្ត្រីពពោះ និងសម្ភារៈ ត្រូវសមត្ថកិច្ចទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បើសាកសួរនិងចាត់ការតាមច្បាប់។
ទោះបីជាយ៉ាងណា នគរបាល ពុំបានផ្តល់ព័ត៌មានលំអិតនោះទេពុំវិញការបង្ក្រាបទីតាំងបញ្ចូលមេជីវីតអោយពរពោះ ដែលពុំធ្លាប់មាននេះ៕ ម៉េង ធា














