នៅព្រឹកថ្ងៃចន្ទ ២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍ធុរកិច្ចអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Hayashi Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន ដោយសារឆ្នាំនេះជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន រួមទាំង ការត្រៀមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២៣ នេះ នៅប្រទេសជប៉ុន។






