ជំនួយឧបត្ថម្ភក្រោមក្របខ័ណ្ឌអង្គការសង្គមស៊ីវិលសម្រាប់ការពារសុខភាពប្រឆាំងកូវីដ១៩ ផ្តល់ដោយ មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ដែលមានតម្លៃសរុប ១,១៣លានយ័ន ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៣ខែមេសានេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ នាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន ដែលបានសម្របសម្រួលជាបន្ទាន់ ដើម្បីប្រមូលការគាំទ្រសម្រាប់ជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ បរិក្ខាពេទ្យដែលជាអំណោយពីមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ នៃអង្គការសង្គមស៊ីវិលចិនដែលរួមមាន៖ ម៉ាស អាវការពារខ្លួន និងថ្នាំបុរាណចិន មានតម្លៃសរុបចំនួន១,១៣លានយ័ន ជំនួយទាំងនេះពិតជា មានសារសំខាន់យ៉ាងខ្លាំងចំពោះកម្ពុជា ដែលកំពុងត្រូវការសម្ភារៈបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធនឹងការរីករាលដាលនៃកូវីដ១៩។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កាយវិការសប្បុរសធម៌នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរ។
ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩ដ៏សាហាវនេះ កម្ពុជាបានទទួលជំនួយជាច្រើនពីរដ្ឋាភិបាលចិន ក្នុងនោះក្រុមអ្នកជំនាញវេជ្ជសាស្រ្ត៧រូប ត្រូវបានបញ្ជូនពីតំបន់ក្វាងស៊ីមកភ្នំពេញ រួមជាមួយសម្ភារៈបរិក្ខាសម្រាប់ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាត ដែលមានតម្លៃជាង៣លានយ័ន។
កាលពីថ្ងៃទី០១មេសានេះដែរ កងទ័ពរំដោះប្រជាជនចិន ក៏បានបញ្ជូនបរិក្ខាពេទ្យទម្ងន់ជាង២តោនមកជួយកម្ពុជា នៅមានក្រុមហ៊ុនចិនមួយចំនួនទៀត ក៏បានចូលរួមជួយផ្តល់បរិក្ខាការពារដល់ប្រជាជនកម្ពុជាផងដែរ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានទទួលព័ត៌មានថា អង្គការសង្រ្គោះមេឃពណ៌ខៀវ ត្រៀមបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន១១រូប ដែលមានបទពិសោធន៍ប្រយុទ្ធនិងកូវីដ១៩នៅចិន រួមជាមួយបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺ តម្លៃជាង១លានយ័ន ដែលគ្រោងធ្វើដំណើរតាមរថយន្តពីខេត្ត យូណាន មកកម្ពុជា តាមខេត្តស្ទឹងត្រែង នាពេលខាងមុខនេះ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដរយៈពេល១៥ថ្ងៃផងដែរ៕






