នៅរសៀលថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី។
នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីក្នុងឆ្នាំ២០២៥។ ការតាក់តែងផែនការយុទ្ធសាស្ត្ររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ២០២៦ ដល់ ២០៣០ ក៏ត្រូវបានពិភាក្សាផងដែរ ដូចដែលឆ្នាំ២០២៥ គឺជាឆ្នាំដ៏មានសារៈសំខាន់ ដើម្បីពង្រឹងបន្ថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់។






