ប្រជាពលរដ្ឋជាង៣០០គ្រួសារ ស្ថិតនៅក្នុងភូមិទូលថ្លុង និងភូមិត្រពាំងផ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលសុំមិនបង្ហាញអត្តសញ្ញាណបាននិយាយថា ពួកគាត់ពិបាកធ្វើដំណើរចេញចូលនៅក្នុងផ្ទះរបស់ពួកគាត់ដោយសារបញ្ហាផ្លូវពិបាកធ្វើដំណើរ។

ប្រជាពលរដ្ឋបានបន្តទៀត ថា ម្ចាស់អាជីវកម្មឈ្មោះ ហួត បានយកដីឥដ្ឋមកចាក់បំពេញក្រឡុកធ្វើអោយពួកគាត់ជិះម៉ូតូរអិលដួលស្ទើររាល់ថ្ងៃមានជង្ហុជ្រៅៗតាមផ្លូវក្នុងភូមិ លើសពីនេះទៅទៀតរថយន្តបើកបរមានល្បឿនលឿនបង្ករអោយមានការភ័យខ្លាចសុវត្ថិភាពដល់កុមារតូចៗនៅក្នុងភូមិយ៉ាងខ្លាំង។

ប្រជាពលរដ្ឋខ្លះទៀតបាននិយាយថា ពួកគាត់បានជំពាក់ប្រាក់គេដើម្បីទិញដីចាក់នៅខាងមុខផ្ទះដោយ សាររអិលដើរមិនរួចកូនៗរបស់ពួកគាត់ដើរដួលស្ទើររាល់ថ្ងៃ។

មិនអាចសុំការបំភ្លឺពី លោកផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលបានទេទាក់ទងនិងបញ្ហាខាងលើនេះ។ ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរអោយចាត់វិធាត់ការលើការដ្ឋានខាងលើនេះ ដើម្បីបញ្ជៀសការលំបាកនិងគ្រោះថ្នាក់ដល់ពួកគាត់៕






