សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើចំពោះឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចំនួន៨រូប បន្តយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រ តិបត្តិការឲ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសដែលខ្លួនតាំងនៅទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។
សម្ដេចប្រធានព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់ថា ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសនីមួយៗឲ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និង ពលករខ្មែរដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ។
សម្ដេចវិបុលសេនាភក្តីបានផ្ដាំផ្ញើបែបនេះ ក្នុងឱកាសដែលឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា ប្រទេសថៃឡង់ដ៏ ប្រទេសអូស្រ្តាលី ប្រទេសគុយបា ប្រទេសរុស្សី ប្រទេសមីយ៉ាន់ម៉ា ប្រទេសប្រ៊ុយណេ និងប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នៅវិមានព្រឹទ្ធសភា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនជូនដល់ឯកឧត្តម ឯកអគ្គរាជទូត ទំាងអស់ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាព ការណ៍ពិត និង ការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជូនដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ជាពិសេស នៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា។ ឯកឧត្តម កុយ គួង តំណាងឯកអគ្គរាជទូត ទំាងអស់បានប្តេជ្ញា នៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភា ថានឹងខិតខំបំពេញភារកិច្ចកាទូតដោយសក្តិសមជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងបានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយអំពីប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការល្អប្រសើរជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត-រដ្ឋទូតប្រទេសផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញ វិនិយោគិន និងអ្នកទេសចរ ឲ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពនៅក្នុងតំបន់ និងលើពិភព លោក៕






