រាជធានីភ្នំពេញ ៖ កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា នេះ បន្តសាកសួរស្ត្រីជនជាតិចិនម្នាក់ ដែលបើករថយន្តបំបុក បណ្តាលឱ្យចោរឆក់ទូរស័ព្ទស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ករណីនេះនគរបាលខណ្ឌចំការមន សន្និដ្ឋានថា ស្ត្រីជនជាតិចិនរូបនេះ ប្រឈមបទល្មើសមនុស្សឃាត ដោយអចេតនា។
អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២៤និង១០នាទី មានករណីមនុស្សឃាតដោយអចេតនា (បើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទដៃស្លាប់-របួស) នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករងរបួសធ្ងន់ ប្រុសម្នាក់ និងស្លាប់ប្រុសម្នាក់ ជាជនសង្ស័យឆក់ទូរស័ព្ទដៃ។
ជនសង្ស័យឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៥០ ផ្លូវលេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រងរបួសធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ និងម្នាក់ទៀតឈ្មោះ បេ សុភាដេវីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅផ្ទះស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម៤៣ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រងរបួសធ្ងន់ ហើយបានស្លាប់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ស្ត្រីជនសង្ស័យឃាត់ខ្លួនមានឈ្មោះ YUAN TANG (ថាង យៀន) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មិនចាំលេខលិខិតឆ្លងដែន មិនបានយកមកតាមខ្លួន ជាអ្នកបើករថយន្ត។
វត្ថុតាងដកហូត ម៉ូតូ០១គ្រឿង ម៉ាកSCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ 1CL-7241 របស់អ្នកឆក់ទូរស័ព្ទដៃ ខូចខាតយ៉ាងដំណំ រថយន្តម៉ាក LEXUS RX-300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AN-9745 ខូចខាតដូចគ្នា និងទូរស័ព្ទដៃ០១គ្រឿង ម៉ាក Meitu ពណ៌ខ្មៅ-បៃតង លេខស៊ីម 096 696 7899 បែកអេក្រង់ របស់ជនសង្ស័យបើកឡានបុក។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ ០១គ្រឿងខាងលើ ឌុបគ្នាមកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ឃើញស្ត្រីជាតិចិន និងមិត្តភ័ក្រម្នាក់ទៀត ឈប់រថយន្តតេទូរស័ព្ទ ចំហរកញ្ចក់ខាងមុខ ផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃជនជាតិចិន ឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន។ ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជាម្ចាស់ទូរស័ព្ទ បានបើករថយន្តដេញតាមបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាត់ទៅក្បែរជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ ១២៣ កែង ផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ តាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស៊្សី។
លុះដល់ម៉ោង ០២ៈ៥០ រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យរុស្ស៊ី សពតម្កល់ រង់ចាំក្រុមគ្រួសារមកទទួល។
ចំណែកអ្នកឆក់ម្នាក់ទៀតឈ្មោះ សារុន ពិសិដ្ឋ សន្លប់មិនទាន់ដឹងខ្លួន កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯជនសង្ស័យដែលជាអ្នកបើកឡានដេញបុកខាងលើ រួមវត្ថុតាង បានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕ចាន់ ធឿន






