ខេត្ដព្រៃវែង ៖ បុរសម្នាក់ទៅឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ៌ម កណ្ដាលវាលស្រែ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ខណៈដែលប្រជាពលរដ្ធអ្នកនេសាទត្រី ប្រទះឃើញសពដេកស្លាប់នៅកណ្តាលវាលស្រែ ដោយមានស្ពាយអាគុយ និងដុំភ្លើង ដងឆក់ត្រី ជាប់នឹងខ្លួន កាលពីវេលាម៉ោង 8និង5នាទីយប់ ថ្ងៃទី9 ខែសីហា ឆ្នាំ2018 ត្រង់ចំណុចចុងកន្ទុយដី របស់ឈ្មោះ ម៉ី ប៊ុនឆែម ស្ថិតក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង រួចក៍បានរាយការណ៍ ទៅប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ធបាលឃុំស្វាយភ្លោះ។
បន្ទាប់ពីទទួលបានព៌តមាន កម្លាំងនគរបាលប៉ុស្តិ៍ ក៍បានចុះទៅយកខ្សែឡោមពទ្ធជុំវិញ រងចាំកម្លាំងនគរបាលបច្ចេកទេស ចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព។ មួយសន្ទុះបន្ទាប់ពីមន្ត្រីជំនាញចុះមក ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ហេង អធិការស្រុកពាមជរ ធ្វើការស្រាវជ្រាវ និងពិនិត្យធ្វើកោសល្យវិច្ច័យ ទើបស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះខាងលើមានឈ្មោះ ញ៉ិល អឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ធានថា ជនរងគ្រោះគឺស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីភ្លើងអាគុយដុំឆក់ត្រី ស្លាប់ខ្លួនឯងប្រកដមែន ព្រោះនៅលើដកខ្លួនជនរងគ្រោះ គ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់









