បាត់ដំបង ៖ ផ្លូវជាតិលេខ១៥៦នៅមុខពេទ្យបង្អែកបាត់ដំបងស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោបានដាច់ខូច ជិតពាក់កណ្ដាលថ្នល់ហើយ បានបិទមិនឲ្យរថយន្តធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្ន ដើម្បីរងចាំធ្វើការស្ថាបនា។ ប៉ុន្តែអ្នករស់នៅក្បែរកន្លែងផ្លូវដាច់ខូចនៅមុខពេទ្យបង្អែក បាននិយាយរិះគន់ថាការដាច់ផ្លូវខូចមិនមែនមកពីគ្រោះធម្មជាតិ ទឹកជំនន់ហូរបុកដាច់ទេគឺមកពីអ្នកសាងសង់សំណង់ច្រាំងស្ទឹងសង្កែនៅមុខពេទ្យបង្អែកខ្វះបច្ចេកទេស។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងផ្លូវដាច់ខូចសុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយរិះគន់កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ថាការដាច់ផ្លូវខូច មិនមែនមកពីគ្រោះធម្មជាតិទឹកជំនន់ហូរបុកដាច់ទេ គឺមកពីអ្នកសាងសង់សំណង់ច្រាំង ស្ទឹងសង្កែ នៅមុខពេទ្យបង្អែកខ្វះបច្ចេកទេស ដោយប្រើគ្រឿងចក្រកាយធ្វើគ្រិះបាតស្ទឹងមានជម្រៅជ្រៅ ពេលនោះ ដីផ្លូវ ថ្នល់ស្រុតបាក់ ព្រោះប្រើកម្មករតែ៤ទៅ៥នាក់ប៉ុណ្ណោះធ្វើមិនទាន់ ហើយមានទឹកជំនន់ឡើងយ៉ាងគំហុក កាលពីរសៀល ថ្ងៃទី១១ ខែកក្កដា មកផ្លូវថ្នល់បាក់ខូចបន្ថែមទៀត ស្រាប់តែមានការបិទមិនឲ្យរថយន្តធ្វើដំណើរឆ្លងកាត់ តាំងពីរសៀល ថ្ងៃទី១២ ខែកក្កដាមកម្លេះ។
ប្រភពនេះ បានបញ្ជាក់ថាការបិទផ្លូវរងចាំការស្ថាបនានេះគឺនៅរដូវវស្សានេះនៅយួរដែរ ហើយពួកគាត់ត្រូវការរកស៊ី ប្រចាំថ្ងៃដែរ មិនអាចរកស៊ីកើត ព្រោះផ្លូវបិទយ៉ាងដូច្នេះរកលក់ដូរអ្វីកើតទៅ៕ ដោយ អ៊ុង សារុំ









