អាមេរិក៖ ប៉ូលិសបាននិយាយថា មនុស្ស៦នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារកាលពីថ្ងៃពុធ នៅឯភាគខាងកើតអូកឡែន ( East Oakland) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅបរិវេណសាលា ខណៈអាជ្ញាធរកំពុងស្វែងរកអ្នក ទទួលខុសត្រូវ។
ជំនួយការប្រធានប៉ូលីសអូកលែន លោកអាលីសាន់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃពុធថា នៅឯបរិវេណសាលា មានសាលារៀនចំនួនបួនផ្សេងគ្នា ចាប់ពីមធ្យមសិក្សា រហូតដល់វិទ្យាល័យ។
លោកបានបន្ថែមថា នៅពេលមន្រ្តីប៉ូលិសមកដល់កន្លែងកើតហេតុភ្លាមៗ បានរកឃើញមនុស្សពេញវ័យ៦នាក់ បានរងពីរបួសដោយគ្រាប់កាំភ្លើង។
ដោយជំនួយការនាយកមិនបានបញ្ជាក់ថាជនរងគ្រោះជាសិស្ស ឬបុគ្គលិកទេ។
គួរបញ្ជាក់ថា អាជ្ញាធរមិនទាន់ដឹងថា តើការបាញ់ប្រហារនេះជាឧបទ្ទវហេតុចៃដន្យ ឬជាគោលដៅក្នុងចំណោមមនុស្ស ដែលស្គាល់គ្នានោះទេ។
ទោះជាយ៉ាងណាប៉ូលីសកំពុងស្វែងរកអ្នកបាញ់យ៉ាងហោចណាស់ម្នាក់ទោះបីជាមានមនុស្សច្រើននាក់ទៀតអាចជាប់ពាក់ព័ន្ធក៏ដោយ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






