
រាជធានីភ្នំពេញ៖ នាថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៤ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានរៀបចំមហាសន្និបាតបញ្ជប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ និងបន្តអាណត្តិទី៣ ឆ្នាំ២០២៣- ២០២៧ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង រដ្ឋសក្កិ រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកក្តោងកម្ពុជា ឯកឧត្តម ព្រំុ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និង កីឡា និងមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មា ធិការប្រតិបត្តិ ភ្ញៀវកិត្តិយស ក្លឹប សមាគម កីឡាករ កីឡាការិនី ប្រមាណ៦០នាក់។
អង្គមហាសន្និបាត បានអនុម័តលើរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុនៃអណាត្តិទី២ ឆ្នាំ២០១៩-២០២៣ និងបានអនុម័តឯកភាពលើ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធថ្មី សម្រាប់អាណត្តិទី៣ ឆ្នាំ២០២៣-២០២៧ ដែលមាន ឯកឧត្តម ថាង ហ្កោដុន ជាប្រធាន , ឯកឧត្តម ថោង រដ្ឋសក្កិ ជាអនុប្រធានទី១ , ឯកឧត្តម វ៉ាត់ ចំរើន ជាអនុប្រធាន និង លោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការ និងសមាជិកចំនួន ៧រូប ដែលទទួលបានការទុកចិត្តពី អង្គមហាសន្និបាត រួមជាមួយការអនុម័តនិមិត្តសញ្ញាសម្គាល់ (LOGO) និងត្រា ថ្មីរបស់សហព័ន្ធសម្រាប់អណាត្តិទី៣ ឆ្នាំ២០២៣-២០២៩។ ។
សហព័ន្ធបានលើកយកសមិទ្ធផល និងគោលដៅសម្រាប់អភិវឌ្ឍន៍ កីឡាទូកក្តោងកម្ពុជា អោយមានការរីកចំរើនជាច្រើនដូចជា សកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស ការចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ និងទិសដៅនៃផែនការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ទៀត ។



ឯកឧត្តមបណ្ឌិត ថោង ខុន បានប្រសាសន៍ថា ឆ្លងកាត់ចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ តាំងពីដើមឆ្នាំ២០១៩ រហូតដល់បញ្ចប់អាណត្តិទី២ នេះ បានអោយឃើញថា កីឡាទូកក្តោង ជាប្រភេទកីឡាអូឡាំពិកមួយ ដែលមានការរីកចំរើន និងជោគជ័យគួរអោយកត់សំគាល់ ដោយសហព័ន្ធបានបញ្ជូនកីឡាករទៅចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ចំនួន ១២លើក ដែលមានដូចជា ការប្រកួតកីឡាទូកក្តោងជើងឯកទ្វីបអាស៊ីឆ្នាំ២០១៩ នៅប្រទេសចិន និងឆ្នាំ២០២២ នៅប្រទេសសហព័ន្ធអារ៉ាប់រួម , ការប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន និងពានរង្វាន់ផ្សេងៗ នៅប្រទេស ថៃ វៀតណាម ចិន ម៉ាឡេស៊ី ជាដើម ដោយក្នុងនេះយើងទទួលបានមេដាយ ចំនួន ១១គ្រឿង គឺ មាស ១គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធិ ០៩គ្រឿង ។
ក្រៅពីការបញ្ចូនកីឡករ កីឡករ កីឡាការិនី ទៅចូលរួមការ ប្រកួតនៅក្រៅប្រទេស សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានពង្រឹងសមត្ថភាពទាំង មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដោយរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡារៀបចំការប្រកួតអន្តរជាតិជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ ក្នុងការប្រកួតនេះទទួលបានមេដាយសរុបចំនួន ៨គ្រឿង គឺមេដាយមាស ១គ្រឿង, មេដាយប្រាក់ ៤គ្រឿង និងមេដាយសំរិទ្ធិ ៣គ្រឿង។ ជាពិសេសសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២២ នៅទីលានតេជោ ខេត្តព្រះសីហនុ ដោយទទួលបានមេដាយសរុបចំនួន ២គ្រឿង គឺ មេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសា Windsurfing RS:One និងមេដាយសំរិទ្ធិ ១គ្រឿង លើវិញ្ញាសា Windsurfing RS:X ។


ក្រោយពីជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏ទទួលបានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងកម្ពុជា ដែលជាជំនួយឧបត្ថម្ភរបស់ ក្រុមហ៊ុន Canopy Sand Development នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំងមួយដែល នឹងជំរុញដល់ការអភិវឌ្ឍន៍នៃប្រភេទកីឡាទូកក្តោងកម្ពុជា លើហេដ្ឋារចនា សម្ព័ន្ធ និងការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ហើយមជ្ឈ មណ្ឌលនេះក៏នឹងក្លាយជាទីតាំងសម្រាប់រៀបចំការប្រកួតកីឡាទូកក្តោងទាំងកំរិតជាតិ និងអន្តរជាតិផងដែល។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ ក្រុមកីឡាករ កីឡាការិនី ទាំងអស់របស់ប្រភេទកីឡាទូកក្តោង ត្រូវបន្តខិតខំ និងយកចិត្តទុកដាក់ លើការហ្វឹកហាត់ ជាពិសេសត្រូវខិតខំយ៉ាងណាដើម្បីយកស្នាដៃអោយបានល្អ ក្នុងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ៕


