(ខេត្តស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឺងត្រែងបានសម្រេចយកទីតាំងចំនួន៣កន្លែងបន្ថែមទៀត គឺទីតាំងទី១នៅ អគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ចំនួន៣០បន្ទប់ ទីតាំងទី២ នៅសណ្ឋាគារសេកុងស្តារ មានចំនួន៣៣បន្ទប់ និងទីតាំងទី៣ នៅសាលាពេទ្យភូមិភាគខេត្តស្ទឹងត្រែងចំនួន១២បន្ទប់ដើម្បីត្រៀមពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩, ក្នុងករណីបើមានការផ្ទុះឡើងនៅក្នុងខេត្តនេះ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន រំលឹកចំពោះប្រធានមន្ទីរសុខាភិបាលខេត្តថា ក្នុងករណីសង្ស័យថាមានជំម្ងឺកូវីដ១៩គឺត្រូវយកមកសំរាក និងពិនិត្យនៅទីតាំងទាំង៣ខាងលើនេះ ដាច់ដោយឡែក ព្រោះការពារកុំឲ្យមានការចម្លងទៅអ្នកសម្រាកនៅឯមន្ទីរពេទ្យបង្អែក
ខេត្ត។ ឯ.ឧ អភិបាលខេត្តបានបន្ថែមថា ត្រូវមានកម្លាំងនគរបាល រឺកម្លាំងអាវុធហត្ថនៅការពារជុំវិញបរិវេណ នៃទីតាំងទាំង៣ដើម្បីកុំឲ្យអ្នកសំរាកពិនិត្យចេញចូល វាអាចងាយរងគ្រោះដល់អ្នកដទៃ ខណៈគាត់ចេញពីបរិវេណទីតាំងពិនិត្យថែទាំ។
នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ SEA TV តាមរយៈទូរស័ព្ទថា ទីតាំងទាំងអស់កំពុងបំពាក់ បរិក្ខាពេទ្យដើម្បីឲ្យបានរួចរាល់ ឆាប់បំផុត ព្រោះថាស្ថិតិពលករ ដែលមកពីបរទេសមានចំនួនជាង២០នាក់ហើយ មកកាន់ខេត្តស្ទឹងត្រែង បើគិតត្រឹមថ្ងៃទី២៥ មីនា។ ហើយបាននាំមកពិនិត្យនៅមន្ទីរពេទ្យបានចំនួន៥នាក់ហើយដោយពុំឃើញមានផ្ទុកវីរុសកូវីដ-១៩នោះទេ ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តសឹ្ទងត្រែង នៅមិនទាន់មានអ្នកឆ្លងជំងឺកូវីដ១៩ នៅឡើយទេ ៕





