គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាលើវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តកែប។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៦ មកកាន់ខេត្តកែបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈ កម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួល ខុសត្រូវរបស់គណ:កម្មការនៅក្នុងខេត្តនេះ ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិ ប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធ ភាពខ្ពស់។
ឯកឧត្តមព្រុំ គន្ធិ អភិបាលខេត្តស្តីទី បានមាន ប្រសាស ន៍ថា លើការងារអនុវត្តច្បាប់ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំសម្របសម្រួល និងជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោល ការណ៍នានារបស់រដ្ឋបាលខេត្ត លើការងារអនុវត្តច្បាប់និងលិខិតបទដ្ឋានពាក់ពន្ធ។
រដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ គ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានវិធានការណ៍ទាន់ពេលវេលា ក្នុងការទប់ ស្កាត់បទល្មើសការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការបំផ្លិចបំផ្លាញ ការទន្រានធនធានធម្មជាតិនានា ការត្រួតពិនិត្យសុវត្ថិ ភាពចរាចរណ៍ និងភាពអសកម្មកើតឡើង។
និយាយជារួម រាល់ការដោះស្រាយទំនាស់ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ រដ្ឋបាលខេត្តបានសហការណ៍ល្អ ជាមួយអយ្យការអមសាលាដំបូងខេត្តកែប អង្គភាពអនុវត្តច្បាប់ ភាគីពាក់ព័ន្ធដោះស្រាយបានទាន់ពេលវេលា និងអាចទទួលយកបាន ។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនរដ្ឋបាលខេត្តកែប និងមន្ទីរពាក់ព័ន្ធដែលយកអស់កម្លាំងកាយចិត្តក្នុងការអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនក្នុងការចូលរួមការ អនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋាននានា ផ្សព្វផ្សាយដល់ប្រជាពល រដ្ឋ ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសមាននីតិរដ្ឋពិតប្រាកដ ។
រាល់សំណូមពររបស់រដ្ឋបាលខេត្តកែប និងមន្ទីរពាក់ព័ន្ធ ឯកឧត្តមនឹងធ្វើរបាយការណ៍តាមរយ:សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងចម្លងជូនទៅរដ្ឋាភិបាលក្នុងការជួយអន្តរាគមន៍ និងដោះស្រាយតាមតែអាចធ្វើបាន៕






