រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូងនៅថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពិធីដ៏មហាឡារឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមជាកិត្តិយសផងដែរ។

ក្នុងឱកាសនេះ ព្រះករុណាព្រះមហាក្សត្រ បានព្រះរាជទាន នូវព្រះរាជសុន្ទរកថា បើកសម័យប្រជុំដំបូង នៃរដ្ឋសភានីតិកាលទី៦ ដោយបានបញ្ជាក់ថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជា ធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តន៍ច្បាប់ដោយស្មើភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ ព្រះអង្គបានបន្ថែមថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យ ទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន ហើយថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តិ សម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍន៍រីកចំរើនរបស់សង្គមជាតិ។ ព្រះករុណា ព្រះមហាក្សត្រ បានដាក់ជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីក្នុងការបន្តជម្រុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ។

សូមជម្រាបជូនថា៖ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងនៅព្រឹកនេះ ក្រោមព្រះរាជាអធិបតីភាព ព្រះករុណាព្រះមហាក្សត្រ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បានផ្តើមការងារ ធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិក រដ្ឋសភាដើម្បី៖ (១). សម្រេចអំពីសុពលភាពនៃអាណត្តិ របស់សមាជិកនីមួយៗ និង (២). ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៦។ ឮ
ដោយឡែកនៅថ្ងៃព្រហស្បតិ៍ទី៦ ខែកញ្ញា វេលាម៉ោង ៨ព្រឹកស្អែកនេះ រដ្ឋសភាត្រូវធ្វើការបោះឆ្នោត ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា ហើយសមាជិករដ្ឋសភាទាំង១២៥រូប មកពីគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន២០ចូលរួម នឹងផ្តល់សេចក្តីទុកចិត្ត ចំពោះរាជរដ្ឋាភិបាលផងដែរ ហើយចំពោះតំណាងរាស្ត្រ នីតិកាលទី៦ ទាំង១២៥រូប តំណាងឲ្យមណ្ឌលទាំង២៥ទូទាំងប្រទេស នឹងត្រូវចូលធ្វើសច្ចាប្រណិធាន នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ៕ ចាន់ សុភឿន












