(ព្រៃវែង) ៖ រថយន្តមិនស្គាល់ម៉ាក១គ្រឿង បានបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៦៧ ៦៨ ស្ថិតក្នុងភូុមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
យោងតាមរបាយការរបស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថានៅមុនពេលកើតហេតុគេរថយន្តមិនស្គាល់ម៉ាក ០១គ្រឿង បើកយ៉ាងលឿនទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកម៉ូតូ ០១គ្រឿង ម៉ាក HONDA DreamC125 ពណ៍ខ្មៅពាក់ផ្លាកលេខ “ភ្នំពេញ” 1CN.3813 ក្នុងទិសដៅស្របគ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នក បើកម៉ូតូមិនពាក់មួកសុវត្ថិភាពស្លាប់នៅនឹងកន្លែង។ រីឯរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលមុន ពេលសមត្ថកិច្ចចុះទៅដល់។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា សពជនរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណទេ បើបងប្អូនណាបាត់សមាជិកគ្រួសារដូច ភិនភាគ ជិះម៉ូតូខាងលើសូមមកទំនាក់ទំនងជាមួយសមត្ថកិច្ចស្រុកព្រះស្តេច ដើម្បីទទួលយកសពទៅធ្វើបុណ្យតាម ប្រពៃណី ព្រោះសពត្រូវបានសមត្ថកិច្ចរៀបចំទុកដាក់នៅកន្លែងកើតហេតុ។ រីឯម៉ូតូយកទៅរក្សាទុកនៅអធិការស្រុក៕ សុឹម សាន់









