ខេត្តរតនគិរី ថ្ងៃទី០៤ កញ្ញា ២០២២ – ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី រដ្ឋបាលខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ FFI អង្គការ WWF អង្គការ WEA អង្គការ ACCB និងអង្គការសន្សំម្លប់ព្រៃ បានរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅខេត្តរតនគិរីដើម្បីបញ្ឍប់វិបត្តិអន្ទាក់ និងការបរបាញ់សត្វព្រៃគ្រប់ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជាសំដៅអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សនិងមានចំនួនសម្បូរឡើងវិញ។
«យុទ្ធនាការអន្ទាក់សូន្យ » បានចាប់ផ្តើមជាផ្លូវការនៅខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមការផ្តួចផ្តើមនិងដឹកនាំរបស់ក្រសួងបរិស្ថាននិងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍។
យុទ្ធនាការអន្ទាក់សូន្យ ដែលមានរយៈពេល ៦ខែ ដោយផ្តោតលើខេត្តគោលដៅចំនួន ៦ រួមមាន៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ។
ខេត្តរតនគិរី គឺជាខេត្តទី៦ និងចុងក្រោយគេដែលបានរៀបចំយុទ្ធនាការអន្ទាក់សូន្យនេះ មុននឹងឈានបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ស្ថិតនៅភូមិភាគឥសាន្ត ខេត្តរតនគិរី មានសម្បតិ្តធនធានធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប ក៏ប៉ុន្តែនាទសវត្សរ៍ចុងក្រោយនេះ ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃ បង្កើតជាកត្តាប្រឈមដ៏សំខាន់ដែលធ្វើឱ្យចំនួនសត្វព្រៃមានការថយចុះជាលំដាប់ និងអាចប្រឈមនឹងការបាត់ពូជសត្វព្រៃមួយចំនួន។
ការបរិភោគសាច់សត្វព្រៃគឺជាកត្តាជំរុញធ្វើឱ្យមានការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃ។
យុទ្ធនាការអន្ទាក់សូន្យនាថ្ងៃនេះ គឺប្រារព្ធធ្វើនៅចំថ្ងៃដែលពិភពលោករៀបចំទិវា «យល់ដឹងពីសត្វត្មាតអន្តរជាតិ»។ តាមរយៈលទ្ធផលជំរឿនសត្វត្មាតចុងក្រោយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានកត់ត្រាសត្វត្មាតជិតផុតពូជចំនួន ១៣៤ ក្បាល ក្នុងនោះមានវត្តមានសត្វត្មាតភ្លើងចំនួន ១៩ក្បាល ត្មាតត្នោតចំនួន ៤៤ក្បាល និងត្មាតផេះមានចំនួន ៧១ក្បាល។
ខេត្តរតនៈគិរី គឺជាខេត្តសំខាន់មួយដែលមានទីជម្រកធម្មជាតិ ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់កម្ពុជាយើង ប៉ុន្តែក្រុមការងារអភិរក្សសត្វត្មាតមានការព្រួយបារម្ភលើសម្ពាធនៃការបរបាញ់ ការ ដាក់អន្ទាក់និងការបំពុលដែលបន្តកើតឡើង ហើយកត្តានេះនឹងធ្វើឱ្យចំនួនសត្វត្មាតដែលមានវត្តមានៅក្នុងខេត្តរតនគិរីនឹងបន្តធ្លាក់ចុះរហូតដល់អាចគ្មានវត្តមានរបស់ពួកវាផងដែរនៅពេលអនាគត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ «យុទ្ធនាការអន្ទាក់សូន្យគឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្សនិងដៃគូអភិវឌ្ឍន៍ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីក លូតលាស់តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព » ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ « សត្វព្រៃបានដើរតួនាទីសំខាន់ក្នុងការធានានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ហើយការបាត់បង់សត្វព្រៃនិងជីវៈចម្រុះនឹងធ្វើឱ្យប៉ះពាល់ដល់លំនឹងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ សត្វព្រៃជាសក្តានុពលយ៉ាងសំខាន់ ក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាយន្តការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើតចំណូលជូនពលរដ្ឋ។
យើងទាំងអស់គ្នានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀតដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ»។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាលើកឡើងថា «ប្រទេសកម្ពុជាបានឈានមុខគេបង្អស់នៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍លើការដោះស្រាយវិបត្តិអន្ទាក់ដែលជាមូលហេតុចម្បងនាំឲ្យសត្វព្រៃបាត់បង់ពូជ និងមានការថយចុះចំនួនរបស់វាគួរឲ្យព្រួយបារម្ភ»។
លោកបានបន្ថែមថា « បញ្ហាអន្ទាក់នេះ ចាំបាច់ត្រូវដោះស្រាយព្រមគ្នាជាមួយ យុទ្ធសាស្រ្តអប់រំផ្សព្វផ្សាយ ការពង្រឹងការអនុវត្តន៏ច្បាប់ ការបង្កើនទោសពិន័យ និងការបង្កើតជម្រើសថ្មីសម្រាប់ប្រជាជនមូលដ្ឋាន »។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានថ្លែងថា៖ «យើងបានគាំទ្រដល់ដែនជម្រកសត្វព្រៃលំផាត់ចាប់ តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយលទ្ធផលនៃការអង្កេតបានបង្ហាញថា ការបរបាញ់មានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០១៦ សត្វត្មាតយ៉ាងតិច ៥ ក្បាលត្រូវស្លាប់ដោយការបំពុលក្នុងដែនជម្រកសត្វព្រៃនេះ។
កំណើនមនុស្សដែលចូលទៅក្នុងតំបន់ការពារធម្មជាតិ ជាកត្តាមួយដែលជំរុញឱ្យការដាក់អន្ទាក់និងការបំពុលកើនឡើង»។
លោកបន្ថែមថា៖«ដើម្បីកាត់បន្ថយ សកម្មភាពបរបាញ់យើងបាននឹងកំពុងសហការជាមួយអ្នកពាក់ព័ន្ធ(រួមទាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចផងដែរ)ក្នុងការអប់រំផ្សព្វផ្សាយពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងគាំទ្រដល់ឧទ្យានុរក្ស និងសហគមន៍ល្បាតអនុវត្តច្បាប់ ព្រមទាំងប្រមូលអន្ទាក់ពីទីជម្រកសំខាន់ៗ»។
លោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គនៃអង្គការអភិរក្សអន្តរជាតិប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «ការដាក់អន្ទាក់ចាប់សត្វព្រៃគឺជាបញ្ហាដ៏ធំមួយនៅទូទាំងប្រទេស ជាពិសេសតំបន់ព្រៃឈើនៅក្នុងខេត្តរតនគិរី។ មូលហេតុភាគច្រើននៃការដាក់អន្ទាក់ចាប់សត្វព្រៃនេះ គឺដើម្បីបំពេញតម្រូវការក្រុមមនុស្សដែលស្វែងរកការបរិភោគសាច់សត្វព្រៃ តែសម្មភាពទាំងនេះវាប៉ះពាល់យ៉ាងខ្លំាងទៅលើជីវចម្រុះ ហើយយើងទាំងអស់គ្នានឹងប្រឈមនៅសល់តែព្រៃទទេ (គ្មានសត្វព្រៃ) ប្រសិនបើសកម្មភាពនេះនៅតែបន្ត។
យើងសង្ឃឹមយ៉ាងមុតមាំថាយុទ្ធនាការមួយនេះនឹងលើកកម្ពស់ការយល់ដឹងទូទាំប្រទេស ហើយអាចជួយកាត់បន្ថយតម្រូវការនៃការបរិភោគសត្វព្រៃផងដែរ»។ លោកបន្តថា៖«ឧទ្យានជាតិវើនសៃ-សៀមប៉ាងមានសត្វទោចថ្ពាល់លឿងខាងជើងប្រហែល ៣៨៩ ក្រុម(ប្រហែលចំនួន ១៥៥៦ ក្បាល)។
តាមរយៈការតាមដាននៅតំបន់គោលដៅបង្ហាញថា ឧទ្យានជាតិវើនសៃ-សៀមប៉ាង ឧទ្យានជាតិវីរៈជ័យ និងដែនជម្រកសត្វព្រៃសៀមប៉ាង ចំនួនសត្វទោចថ្ពាល់លឿងមានកម្រិតទាបនៅឡើយ ហើយតំបន់ទាំងនេះទំនងជាទីជម្រកដ៏ធំមួយសម្រាប់ប្រភេទសត្វជិតផុតពូជមួយនេះ»។
លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «អន្ទាក់គឺជាការគំរាមកំហែងដ៏ធំបំផុតដល់សត្វព្រៃនៅក្នុងព្រៃរបស់កម្ពុជា។ អន្ទាក់ដែលមានតម្លៃថោក ងាយស្រួលដាក់ពង្រាយ ពិបាករកនិងមើលមិនឃើញហើយអន្ទាក់កំពុងបំផ្លាញតំបន់ការពារធម្មជាតិដែលជាជម្រករបស់សត្វព្រៃដែលត្រូវបានកំពុងការពារ»។
លោកបន្តថា «យើងត្រូវចាត់វិធានការឥឡូវនេះដើម្បីកាត់បន្ថយតម្រូវការសាច់សត្វព្រៃដែលជំរុញឱ្យមានការដាក់អន្ទាក់ និងពង្រឹងការអនុវត្តច្បាប់»។
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិបានថ្លែងថា៖ « កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះច្រើន នៅក្នុងចំណោមប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។ ជីវៈចម្រុះមួយចំនួននៅក្នុងប្រទេសកម្ពុជាត្រូវទទួលរងការគំរាមកំហែងពីកត្តាផ្សេងៗ។ ក្នុងចំណោមនោអន្ទាក់ ត្រូវបានគេកំណត់ថាជាការគំរាមកំហែងដ៏ធ្ងន់បំផុតមួយ ចំពោះសត្វព្រៃ ដែលកំពុងដើរតួនាទីជាប្រភេទយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ។
អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យ និងអំពាវនាវឱ្យប្រជាជនកម្ពុជាបញ្ឈប់ការបរបាញ់ និងជួរដូរសត្វព្រៃតទៅទៀត»។
លោកស្រី Christel Griffioen លោកនាយកប្រចាំប្រទេសនៃអង្គការACCB និងជាសមាជិកស្នូលនៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានថ្លែងថា៖ « អន្ទាក់ គឺជាឃាតកសម្លាប់សត្វព្រៃមិនរើសមុខ និងធ្វើឱ្យសត្វព្រៃជាច្រើនប្រភេទរងរបួសធ្ងន់ធ្ងរ ដោយរាប់ចាប់ពីពពួកថនិកសត្វ រហូតដល់សត្វស្លាប ។
ដរាបណាតម្រូវការជួញដូរសាច់សត្វព្រៃខុសច្បាប់នៅតែបន្តកើតមាន ការដាក់អន្ទាក់នឹងនៅតែបន្តកើតមាន។
តាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធ ភាព រួមជាមួយការអប់រំផ្សព្វផ្សាយ យើងត្រូវកាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងការដាក់អន្ទាក់»។ លោកស្រីបានបន្ថែមថា ៖ «ជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍ ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ពួកយើងក៏ប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វត្មាត។ ប្រទេសកម្ពុជាជាជម្រករបស់សត្វត្មាតដែលកំពុងរងគ្រោះជិតផុតពូជចំនួនបី (៣) ប្រភេទ ហើយចំនួនសត្វត្មាតនៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផង កំពុងធ្លាក់ចុះយ៉ាងគំហុក។
ការមិនទទួលទានសាច់សត្វព្រៃ គឺជាវិធីមួយដែលអ្នកអាចជួយការពារសត្វត្មាតរបស់ប្រទេសកម្ពុជាយើង»។
ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក៏កំពុងសហការគ្នាដើម្បីស្វែងរកវិធីសាស្ត្រក្នុងការផ្តល់នូវជម្រើសនៃរបរចិញ្ចឹមជិវិតបន្ថែមរាប់បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណី ដូចជាការប្រមូលអនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណីសម្រាប់យកសាច់និងលក់ដូរមួយចំនួនផងដែរនោះ។
កិច្ចសហការនេះក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃរបស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃប្រភេទជំងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត។ លោក កែវ សុជាតិ នាយកអង្គការសន្សំម្លប់ព្រៃបានថ្លែងថា៖ « សហគមន៍មូលដ្ឋានអាចចូលរួមជាមួយគម្រោងស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ Ibis Rice ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ជាជាងការដាក់អន្ទាក់និងការបបាញ់សត្វព្រៃ»







