ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា ១៣៩នាក់ ក្នុងនោះនារី១១នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះជួបក្រុមគ្រួសារវិញ ក្រោយពិនិត្យសំណាកវិភាគជាលើកទី២ទទួល លទ្ធផលអវិជ្ជមានកូវិដ១៩ ពីក្រសួងសុខាភិបាល។ ឯ.ឧនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មា ធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ បានចុះទៅពិនិត្យផ្ទាល់ នៅមជ្ឈមណ្ឌលចត្តាឡីស័ក នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ឯកឧត្តម បញ្ជាក់ថា កម្លាំងទាំង១៣៩នាក់នេះ គឺបានធ្វើចត្តាឡីស័ក បន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលីរយៈពេល១ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា ទាំង១៣៩នាក់នេះ ទទួលលទ្ធផលអវិជ្ជមានកូវិដ១៩ បន្ទាប់ពីធ្វើសំណាកវិភាគ កាលពីថ្ងៃទី២៦ ខែកញ្ញា ហើយថ្ងៃនេះ មានការអនុញ្ញាតពីក្រសួងសុខាភិបាល ឱ្យកម្លាំងទាំងអស់នេះ វិលត្រឡប់ទៅ ផ្ទះវិញ ត្រូវបន្តអនាម័យខ្លួនប្រាណជានិច្ច ជាមួយគ្នាប្រសិន បើមានអការៈមិនប្រកតីត្រូវរាយការណ៍មជ្ឈមណ្ឌលជាតិ ឬទាក់ទងទៅអ្នកជំនាញនៃក្រសួងសុខាភិបាល៕






