នៅរសៀលថ្ងៃចន្ទ ៦ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៤។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានទទូចឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លារវាងអាស៊ាន និងអន្តរសភាអាស៊ាន ហើយបានលើកទឹកចិត្តឱ្យសមាជិកសភានៃប្រទេសសមាជិកអាស៊ាន លើកកម្ពស់ការទទួលខុសត្រូវផ្នែកសង្គម និងការធ្វើគោលនយោបាយប្រកបដោយចីរភាព នៅទាំងកម្រិតថ្នាក់ជាតិ និងតំបន់។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ថា លេខាធិការដ្ឋានអាស៊ាន ត្រៀមខ្លួនជាស្រេចដើម្បីបង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានអត្ថន័យបន្ថែមទៀត ជាមួយអន្តរសភាអាស៊ាន ដើម្បីចូលរួមចំណែកកាន់តែប្រសើរដល់ដំណើរការកសាងសហគមន៍អាស៊ាន។