ការប្រើប្រាស់អ៊ិនធើណេត ក្នុងចំណោមកុមារមានការកើនឡើងយ៉ាងខ្លាំង ដោយសារភាពរីកចំរើននៃបច្ចេកវិទ្យា។
ទន្ទឹមនឹងនោះ មានកុមារជាច្រើននាក់ ក៏ក្លាយជាជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញផងដែរ។
លោក រឿង សេរីតារា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ក្នុងបទបង្ហាញមួយស្តីពីការពង្រឹងយន្តការរាយការណ៍និងឆ្លើយតបករណីនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញថា ក្នុងចំណោមអ្នកប្រើប្រាស់៣នាក់ មាន១នាក់ទៅហើយ ជាកុមារដែលបានប្រើប្រាស់អ៊ីនធឺណិតនេះ ដែលវាពិតជាផ្តល់នូវហានិភ័យ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារ ដោយកុមារខ្លះអាចក្លាយទៅជាជនល្មើស ឬអ្នកប្រព្រឹត្តបទល្មើសថែមទៀតផង។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មា ធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក រឿង សេរីតារា បញ្ជាក់ថា ប្រព័ន្ធអ៊ីនធឺណិត មិនត្រឹមតែជាទីកន្លែងដែលកុមារអាចស្វែងរកព័ត៌មាន រឿងរ៉ាវ រៀនសូត្រ ចំណេះដឹង លេងកម្សាន្ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ត និងមនុស្សដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្តល់នូវហានិភ័យនិងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ដល់កុមារ និងអ្នកប្រើប្រាស់ជាច្រើនផងដែរ។
នេះដោយសារតែពួកគេមិនទាន់បានយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិ ឬ មិនទាន់ចេះប្រើប្រាស់វាបានត្រឹមត្រូវ។ កុមារខ្លះ គ្មានឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែរក្សានៅតាមមើលឬគ្មានមនុស្សពេញវ័យនៅក្បែរ កុមារហ៊ានប្រព្រឹត្តដោយប្រថុយប្រថាន តាមអនឡាញ។ ឧទាហរណ៍ កុមារហ៊ានផ្ញើរសាររូបភាព មាតិកាពាក់ព័ន្ធនឹងផ្លូវភេទ វីដេអូរួមភេទទៅឱ្យ មិត្តភក្តិ ឬ នរណាម្នាក់។
ពេលខ្លះរូបភាព ឬវីដេអូទាំងនោះ ត្រូវបានគេចែកចាយបន្តទៀតច្រើនដងដែលត្រូវបានគេប្រើប្រាស់ ឬ បកស្រាយ ខុសពីគោលបំណងដើម ជាហេតុបង្កនូវការលំបាកដល់កុមារ។ពេលខ្លះកុមារអាចក្លាយទៅជាជនល្មើសឬ អ្នកប្រព្រឹត្តបទល្មើស ដែលអាចប្រឈមមុខចំពោះមុខច្បាប់ទៀតផង។
ជាមួយគ្នានោះ ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្តនិងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ សម្រេចបានសមិទ្ធផលល្អប្រសើរ។
អ្វីដែលត្រូវបន្តការងារនេះ គឺយើងត្រូវនាំគ្នាពិនិត្យវាយតម្លៃ ប្រមូលទិន្នន័យរួម ដើម្បីដាក់ទិសដៅការងារក្នុងឆ្នាំ២០២៣ អោយកាន់តែល្អប្រសើរថែមទៀត ពិសេសការពង្រឹងតួនាទីស្ត្រី ព្រោះស្ត្រីជាឆ្អឹងខ្នងរបស់សង្គមជាតិ ត្រូវបណ្តុះបណ្តាលស្ត្រីដែលក្រីក្រ និងងាយរងគ្រោះ ដើម្បីអោយពួកគាត់រកចំណូលចិញ្ចឹមជីវិតបានកាត់បន្ថយនូវភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖ សំអាតនិងពិសិដ្ឋ






