អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ ឲ្យដឹងថា នៅសល់ប្រមាណជា៣ទៅ ៤ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី ១២ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងស្រកអស់មកជាធម្មតាវិញ ខណៈដែលក្រុមការងារបាននិងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំង កាលពីរសៀលនិងយប់ថ្ងៃទី ១១ខែតុលា ដោយចាប់ពីម៉ោង២និង៣០នាទីរសៀលរហូតដល់ម៉ោង១រំលងអាធ្រាតនោះ។
ឯកឧត្តម ឃួង ស្រេង បានធ្វើការបញ្ជាក់បែបនេះ ក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយបូមទឹកបឹងទំពន់នាព្រឹកថ្ងៃទី ១២ខែតុលាឆ្នាំ២០២០នេះ ក្រោយពីភ្លៀងដែលបានបង្ករឱ្យមានជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលបញ្ជាក់ថា ខណៈដែលយើងប្រតិបត្តិការ ក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន០៣កន្លែង នោះគឺបិទទ្វាទឹក នៅប្រឡាយបារាំងនៅបឹងសាឡាងនិងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុននេះកុំឲ្យផ្ទុះ ។
ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជា ពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយសារការលិចលង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងខ្លាំងណាស់ ដើម្បីដោះស្រាយលើការលិចលង់លំនៅដ្ឋានប្រជា ពលរដ្ឋដោយសារតែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។
ឯកឧត្តមបន្តថា គ្រោះធម្មជាតិកាលពីយប់មិញ ជាគ្រោះធម្មជាតិមួយដែលរាជធានីភ្នំពេញ របស់យើងមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀត ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។
ឆ្នាំខាងមុខយើងនឹងយកកម្រិតទឹកភ្លៀងនៅពេលនេះធ្វើជា បទពិសោធន៍ ដើម្បីរៀបចំ ម៉ាស៊ីនបូមទឹក ប្រឡាយ អាងស្តុកទឹក ឱ្យមានស្ថេភាពល្អប្រសើរទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា កំណាត់ផ្លូវ៣៧១ នៅចំណុចស្ថានីយបឹងទំពន់នេះ កាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញ កាលពីព្រឹកថ្ងៃទី១២ តុលានេះហើយស្ថានភាពនៅស្ថានីយ៍នេះឃើញថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ៕
ដោយ ៖ សំអាត និងពិសិដ្ឋ