អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានកត់សម្គាល់ ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមរថយន្តដឹកកម្មករនិយោជិត បានកើតឡើងក្នុងតួលេខខ្ពស់ឡើងវិញ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។
អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានបើកសិក្ខា សាលាថ្នាក់ជាតិស្តីពី“រថយន្តដឹកកម្មករនិយោជិតដែលមានសុវត្ថិភាពប្រសើរជាង ជួយសង្រ្គោះជីវិតបង្កើនសកម្មភាពរួមគ្នា និងការវិនិយោគក្នុងការលើក កម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលាថ្នាក់ជាតិលើកទី២នេះ ប្រារព្ធធ្វើក្នុងគោល បំណង ជំរុញឱ្យកម្មករនិយោជិតនៅកម្ពុជា ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងទទួលបានមធ្យោបាយធ្វើដំណើរ ទៅមកតាមរថយន្តដឹកជញ្ជូនរួមដោយសមរម្យ មានផាសុកភាព និងសុវត្ថិភាពសំដៅបង្ការពួកគេពីគ្រោះថ្នាក់ចរាចរណ៍ បង្ការផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានទៅលើសមាជិកគ្រួសារដែលរស់នៅក្រោមការឧបត្ថម្ភរបស់ពួកគេផងដែរ សហគមន៍ និងសង្គមកម្ពុជា ផលិតភាពរបស់រោងចក្រ ព្រមជំរុញការលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បើតាមការសិក្សារបស់អង្គការមួយនេះ បានកត់សំគាល់ឃើញពីការវិវត្តន៍ជាវិជ្ជមាននៅតាមរោងចក្រ និងរាជធានី ខេត្តគោលដៅរបស់កម្មវិធី ដែលអង្គការមូលនិធិបង្ការរបួសអាស៊ីបាននិងកំពុងអនុវត្តសកម្មភាពការងារ ដោយមានការផ្លាស់ប្ដូររថយន្តកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត ទៅជារថយន្តដឹកអ្នក ដំណើរ ដែលមានសុវត្ថិភាពជាងមុន ជាបន្តបន្ទាប់ ឬយ៉ាង ហោចណាស់បានរៀបចំកៅអីអង្គុយសម្រាប់កម្មករនិយោជិត។ លោកបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្តី ចំនួនរថយន្តដឹកកម្មករនិយោជិត ជាប្រភេទដឹកទំនិញគឺនៅតែមានច្រើនខ្លាំងនៅឡើយ។ បើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយបេឡាជាតិសន្តិសុខសង្គមក្នុងពេលកន្លងមកបានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញ ការងារ នៅក្នុងឆ្នាំ២០២២ ដែលមានប្រមាណជិត៣០០០គ្រឿង ប្រហែលជាង ៥៤% គឺជារថយន្តប្រភេទដឹកទំនិញ។
ជាមួយគ្នានេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមរថយន្តដឹកកម្មករនិយោជិតបានកើតឡើងក្នុងតួលេខខ្ពស់ឡើងវិញ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។ នាយកអង្គការ AIP ចង់ឲ្យមានការបន្តការសម្របសម្រួលឱ្យមានសកម្មភាពរួមគ្នា ដើម្បីអាចជំរុញទាំងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងផង និងបង្ការគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដែលកើតមានពីគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត ។ ជាពិសេសជំរុញឱ្យមានការគោរព និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានកំណត់ថា ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹមាំ ហើយត្រូវមានផាសុកភាព និងហាមផ្ទុកមនុស្សលើសពីចំនួនកន្លែងអង្គុយ (មាត្រា ៥៦) និងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជាដែលបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបរួចហើយចាប់តាំងពីឆ្នាំ២០១៥ និងកំពុងរំកិលខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០៕






