សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹងទៅលើគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល គឺជាកត្តាដ៏សំខាន់ដើម្បីធានាបានថា គុណភាពនៃវិស័យសុខាភិ បាលរបស់កម្ពុជា នឹងកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនថែមទៀត។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្លើយតបនឹងការពង្រឹងគុណភាពធនធាន មនុស្សក្នុងវិស័យសុខាភិបាល គឺត្រូវផ្ដោតលើការបណ្ដុះបណ្ដាល ការរើសមន្ត្រីចូលបម្រើការងារ ទាំងមន្ត្រីសុខាភិបាលថ្មី និងទាំងមន្ត្រី ដែលមានស្រាប់ ដែលអាចទាញពីប្រភពខាងក្រៅ។ សម្ដេចធិបតី បានបញ្ជាក់ថា «ការធានាគុណភាពមន្ត្រីសុខាភិបាល គឺធានាគុណភាពដល់វិស័យសុខាភិបាល យើងនិយាយអំពីរឿងសម្ភារៈ គ្រឿងបំពាក់ ឧបករណ៍ នេះជាកត្តាសំខាន់ តែបើគ្មានមនុស្សទេ យើងទៅមិនរួចទេ»។ សម្ដេចធិបតី សង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ត្រូវតែបន្តជំរុញ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាគុណភាពវិស័យសុខាភិបាល។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃការប្រឡង ជាពិសេសនិស្សិតពេទ្យ ដោយប្រកាសថា គ្មានការអនុញ្ញាតឲ្យចូលពេទ្យ ដោយមិនមានការប្រឡងឡើយ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឱ្យនិស្សិតពេទ្យត្រូវកំណត់អាទិភាពក្នុងការប្រឡងមុនពេលចូលរៀន ដោយលើកឡើងពីសារៈសំខាន់របស់ខ្លួនក្នុងការធានានូវសមត្ថភាព និងជំនាញក្នុងវិជ្ជាជីវៈពេទ្យ។
សម្ដេចធិបតី ក៏បានបង្ហាញពីផែនការជ្រើសរើសមន្ត្រីស្របតាមក្របខ័ណ្ឌថ្មីដែលអាចបត់បែនបាន ដោយក្របខណ្ឌនេះនឹងអនុញ្ញាតឱ្យមន្ត្រីមានការផ្លាស់ប្តូររវាងវិស័យសាធារណៈ និងឯកជន ខណៈដែលរក្សាអតីតភាពការងារ សម្របសម្រួលការជ្រើសរើសដោយផ្អែកលើគុណសម្បត្តិ និងជំនាញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការរក្សាបាននូវស្តង់ដារខ្ពស់បំផុតក្នុងការអប់រំផ្នែកវេជ្ជសាស្រ្ត និងធានាថាអ្នកជំនាញថែទាំសុខភាពត្រូវបានរៀបចំយ៉ាងគ្រប់ គ្រាន់ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា៕






