សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានរំលឹកប្រាប់ដល់យុវជន នៃគ្រួសារក្រីក្រ ដែលនឹងទទួលបានការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ត្រូវខិតខំប្រឹងប្រែង ដាក់ចិត្តរៀនសូត្រ ឲ្យបានល្អ ដោយធានាថា នៅពេលបញ្ចប់វគ្គមានសមត្ថភាព និងគុណភាព។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការកម្មវិធី នយោបាយចំនួនពីរក្នុងវិស័យការងារ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា គុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវតែជាអាទិភាព ដើម្បីធានាថា យុវជនដែលបញ្ចប់ការសិក្សា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ និងទទួលបានប្រាក់កំរៃ លើកកំពស់ជីវភាពរស់ នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះ សម្តេចធិបតី បានជំរុញឲ្យយុវជន ទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង និងដាក់ចិត្តរៀនសូត្រ ឲ្យមានជំនាញច្បាស់លាស់។
ជាមួយគ្នានេះ សម្តេចធិបតី បានជំរុញឱ្យធ្វើការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងចំគោលដៅ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន ១,៥លាននាក់ឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់ ជៀសវាងការច្រឡំភាន់ណាមួយ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន បញ្ជាក់ថា «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ»គឺជាកម្មវិធីនយោបាយអាទិភាពមួយក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ សិស្សដែលបានចុះឈ្មោះចូលរៀននឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល ,ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញនិងព័ត៌មានទីផ្សារការងារ ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង ក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ កំណត់ជ្រើសរើសវិស័យនិងមុខជំនាញអាទិភាពដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រសហគ្រាសនិងកម្មករនិយោជិតនិងគោលនយោបាយអាទិភាពពាក់ព័ន្ធ ដោយបានកំណត់យក មុខជំនាញសម្រាប់ជំហានដំបូងចំនួន៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០រួមមាន៖សំណង់, អគ្គិសនីនិងថាមពល អេឡិចត្រូនិក បរិក្ខារត្រជាក់និងកម្ដៅ,កម្មន្តសាល មេកានិកទូទៅ/មេកានិករថយន្ត ទេសចរណ៍ សេវាកម្ម, កសិកម្មនិងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។
ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំនិងអនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងគោលបំណងអភិរក្សចំណេះដឹងនិងជំនាញដូនតាឱ្យបានគង់ វង្សនិងអភិវឌ្ឍ «ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋបង្កើតថ្មី» ៕






