គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានជួបជជែកជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិនិត្យលើសំណើរបស់សហគមន៍ជនជាតិដើមភាគតិចចំនួន១៦នាក់ មកពី១៦អំបូរជនជាតិ និងតំណាងឱ្យសហគមន៍ជនជាតិដើម១២ខេត្ត ក្រុង ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ និង សេចក្តីព្រាងច្បាប់ស្តីពី ព្រៃឈើ។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការទី១ មានប្រសាសន៍ថា តំណាងជនជាតិដើមភាគតិច ចំនួន១៦អំបូរ បានបង្ហាញពីការគាំទ្រនូវការបង្កើតច្បាប់ថ្មី ដែលបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ដែលបានយកចិត្តទុក ដាក់លើសំណើរបស់ពួកគេ ព្រមទាំងបានបញ្ចូលនូវធាតុចូល តាមការស្នើសុំរបស់ពួកគេ ទៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះថែមទៀត ។
ឯកឧត្តម យ៉ង សែម បានបន្តថា ទន្ទឹមនេះ ពួកគេនៅមានសំណូមពរមួយចំនួន ដោយសុំឲ្យបញ្ចូលចំណុចសេសសល់ និង សុំបន្ថែមចំណុច៣ទៀត ដូចជា ទី១. គួរមានមាត្រាជាក់លាក់មួយ ផ្ដល់នីតិ សម្បទាដល់សហគមន៍ ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីស្របច្បាប់ ជានគរបាលយុត្តិធម៌, ទី២. គួរទទួលស្គាល់យន្តការ និងវិធានការប្រពៃណីរបស់ជនជាតិដើមភាគតិចជាមុន មុនទៅដល់យន្តការ និងអនុវត្តទោសតាមច្បាប់រដ្ឋ ក្នុងការដោះស្រាយ និងដាក់ទោសទណ្ឌ និងទី៣. សេចក្តីព្រាងច្បាប់ថ្មី គួរពិចារណា និងផ្អែកទៅលើសេច ក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច និងអនុសញ្ញាលេខ១១១ ស្តីពី ការរើសអើងក្នុងការងារនិងមុខរបរ។
ឯកឧត្តម ប្រធានគណៈកម្មការទី១បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណើទាំងនេះ ជនជាតិភាគតិចទាំង១៦អំបូរបានអះអាងថា មិនមានអ្នកនៅពីក្រោយខ្នងដើម្បីកេងចំណេញលើបញ្ហានយោបាយនោះទេ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជម្រាប់អំពីគោលបំណង នៃក្រមបរិស្ថាន និងច្បាប់ទាំងឡាយ ដែលរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងការការពារធនធានធម្មជាតិគឺសំដៅរក្សាលំនឹងជីវចម្រុះ ដើម្បីរក្សាឧត្តមប្រយោជន៍ប្រជាជនកម្ពុជា ដែលតំបន់ការពារធម្មជាតិទាំងអស់ គឺជាសសរកន្លោង ក្នុងការទ្រទ្រង់ សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ក្នុងគោលដៅធានានូវសមាហរណកម្មពេញលេញនិងជីវភាពល្អប្រសើរសម្រាប់បងប្អូនជនជាតិដើមភាគតិច ក៏ដូចជាបញ្ជៀសឱ្យបាននូវការកេងចំណេញនយោបាយលើបញ្ហានេះ ស្នើសុំគណៈកម្មការទី១ព្រឹទ្ធសភា មេត្តាពិនិត្យឱ្យបានល្អិតល្អន់ និង ស្វែងយល់បន្ថែមទៀត លើករណីសំណើររបស់សហគមន៍ជនជាតិដើមភាគតិច ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី តំបន់ការពារធម្មជាតិនេះ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន កំពុងរៀបរៀងសេចក្តីព្រាងច្បាប់ថ្មីចំនួន២ ក្នុងនោះមាន សេចក្តីព្រាងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ព្រៃឈើ ដោយជនជាតិដើមភាគតិច បានស្នើបញ្ចូលធាតុចូលចំនួន៨ ដែលភាគច្រើនបានបញ្ចូលទៅក្នុងមាត្រានានា នៃសេចក្តីព្រាងច្បាប់ទាំងពីរ ហើយ និងនៅសល់តែ៣ចំណុចប៉ុណ្ណោះ៕
ដោយ៖ សំអាត និងពិសិដ្ឋ






