រាជធានីភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងនិងម្នាក់ទៀតបានរងរបួសធ្ងន់ខណៈពេលដែលជិះម៉ូតូម៉ាកស៊ុយស្ស៊ូគី ពណ៌ទឹកប្រាក់លាយខ្មៅ មួយគ្រឿង បើកគេចរ៉ឺម៉ក់មួយគ្រឿងឈប់ ហើយរថយន្តកុងតឺន័របើកបរក្នុងល្បឿនលឿនមកបុកពីក្រោយពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង ៣០នាទី រសៀលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច ផ្លូវ ៣០ម៉ែត្រ ក្នុងភូមិព្រៃកំបុត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលបានស្លាប់នោះត្រូវនគរបាលអោយដឹងថា ឈ្មោះទៀត លី អាយុ២៧ឆ្នាំ ជានជាតិអ៊ិស្លាម មានលំនៅក្នុងភូមិឈូកស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវរថយន្តបុកកិនស្លាប់នៅកន្លែង ។ ចំណែកអ្នករបួសឈ្មោះ សឹម អូស្មាន អាយុ១៨ឆ្នាំ ជាជនជាតិអ៊ិស្លាមដូចគ្នាមានលំនៅភូមិស្វាយបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែក រថយន្តបង្ក ម៉ាកនីស្សាន់ឌីសែល ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 3A-1694 ហើយអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
តាមសាក្សីបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-9230 មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។
នៅពេលមកដល់ត្រង់ចំណុចកើតហេតុបានគេចម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដែលកំពុងឈប់លើចិញ្ចើមផ្លូវហើយក៏ត្រូវបាន រថយន្តដឹកកុងតឺន័រ បើកបរស្របទិសគ្នា មកបុកពីក្រោយហើយកិនបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់តែម្ដង។ បន្ទាប់ ពីបង្កគ្រោះថ្នាក់រថយន្តបើករត់បានប្រមាណ២គីឡូម៉ែត្រឈប់រថយន្ត ហើយរត់គេចខ្លួនបាត់។
តាមព័ត៌មានអោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះជួលគោលបំណង់ទៅស្រាវបួស នៅស្រុកកំណើតខេត្តកំពង់ឆ្នាំហើយបានជួបគ្រោះថ្នាក់តែម្តង។
សពត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវនគរបាលនាំទៅកាន់ការិយាល័យ ចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយនិងចាត់ការតាមច្បាប់៕ ម៉េង ធា










