(ខេត្តព្រះសីហនុ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១)៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានបើប្រតិបត្តិការឡោមព័ទ្ធអគារសំណង់មួយកន្លែង ហើយចាប់បានបុរសដែលបានបាញ់អតីតប្រពន្ធរបស់ខ្លួន ឱ្យរងរបួស ហើយរត់គេចខ្លួន ។
ក្នុងប្រតិបត្តិការស្រាវជ្រាវនិងតាមរុករកចំណាយពេលជិត២០ម៉ោងនេះ សមត្ថកិច្ចបានរកឃើញជនសង្ស័យនៅពួនសំងំលាក់ខ្លួនក្នុងអគារសំណង់ដែលម្ចាស់ទុកចោលមួយកន្លែង (ក្បែរសៀងហៃ) នៅម៉ោង ១១ និង៤៥ នាទីព្រឹកថ្ងៃទី ២០ ខែមិថុនា។
ក្រោយចាប់ឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅស្នងការ ដ្ឋាន នគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនិតិវិធី ច្បាប់ជាធរមាន។
សូមរំឭកថា ស្ត្រីម្នាក់ត្រូវបុរសអតីតជាប្តីលបបាញ់ចំដើមទ្រូងខាងឆ្វេង មួយគ្រាប់ បណ្ដាលឱ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យភ្នំពេញ កាលពីវេលាម៉ោង ១៨៖២០ នាទី ថ្ងៃទី ១៩ ខែមិថុនា នៅ ចំណុចភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បុរសជនសង្ស័យឈ្មោះ ជា សុវណ្ណរ៉ា អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរត់គេខ្លួនក្រោយ ធ្វើសកម្មភាព។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព ដោយយកអាវុធខ្លី ១ដើម មិនស្គាល់ម៉ាក មកបាញ់ជនរងគ្រោះឈ្មោះ ផង់ សុភាព មុខរបរ អាជីវករ ដោយសារជនរងគ្រោះនិងជនសង្ស័យ មានទំនាស់និងគ្នា ។
ភាគីទាំងពីរនាក់ទើបតែលែងលះគ្នា ហើយមូលហេតុជនសង្ស័យជាអ្នក ញៀនថ្នាំ ចេះតែរករឿងប្រពន្ធរាល់ថ្ងៃ ទើបប្រពន្ធសម្រេចចិត្តលែងលះ តែមុននិងលែងលះ ជនសង្ស័យបានគំរាមជនរងគ្រោះថា បើហ៊ានតែលែង លុះត្រាតែខ្លួនស្លាប់សិន បើមិនដូច្នោះទេ ខ្លួននឹងតាមសម្លាប់វិញ។
បើតាមសមត្ថកិច្ច ជនរងគ្រោះបានលែងលះគ្នាប្រហែល១ខែ។
តែក្នុង កំឡុងពេលលែងនេះ ជនសង្ស័យបានចងគំនុំជាមួយជនរងគ្រោះ ចេះតែ មកអុកឡុក គំរាមកំហែងជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ ក៏បានមករកកូន តែកូនមិនព្រមជួប ធ្វើឱ្យជនសង្ស័យខឹង ក៏ត្រឡប់ទៅវិញ តែមុននឹងទៅ បានបោះពាក្យសម្ដីថា ថ្ងៃនឹងខ្លួននិងប្រដៅប្រពន្ធឱ្យស្គាល់ ខ្លួនម្ដង និងចង់ជួបមុខកូនជាលើកចុងក្រោយ ហើយក៏មានករណីបាញ់ ប្រហារកើតឡើងនៅផ្ទះជនរងគ្រោះតែម្តង៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)






