ប្រធានរដ្ឋញូវដេលី (Delhi) លោកស្រី Atishi បាននិយាយថា ភាគខាងជើងប្រទេសឥណ្ឌា កំពុងត្រូវបានជំរុញឱ្យដាក់ក្នុងគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត បន្ទាប់ពីមានការបំពុលនៅក្នុងរដ្ឋធានី និងតំបន់អនុទីក្រុងផ្សេងទៀតបានឈានដល់កម្រិតខ្ពស់បំផុតមុនរដូវរងានេះ កាលពីថ្ងៃចន្ទ១៨ ខែវិច្ឆិកា។
លទ្ធភាពអាចមើលឃើញបានធ្លាក់ចុះដល់១០០ ម៉ែត្រនៅក្នុងរដ្ឋធានី ខណៈស្ថាប័នតាមដានគុណភាពខ្យល់មានមូលដ្ឋាននៅប្រទេសស្វីស IQAir បានកត់ត្រាគុណភាពខ្យល់របស់រដ្ឋធានីញូវដេលីនៅកម្រិត ១០៨១ ដោយធ្លាក់ក្រោមកម្រិតគ្រោះថ្នាក់ ទៅទៀត ។
លោកស្រី Atishi បាននិយាយថា ការដុតបំពួកភ្លើងតាមកសិដ្ឋាននៅក្នុងរដ្ឋជិតខាងនៃរដ្ឋ Punjabរដ្ឋ Haryana និងរដ្ឋ Uttar Pradesh គឺជាអ្នកទទួលខុសត្រូវចំពោះគុណភាពខ្យល់ធ្លាក់ចុះនៅភាគខាងជើងនៃប្រទេសឥណ្ឌា ហើយបានស្នើសុំឱ្យរដ្ឋាភិបាលសហព័ន្ធទទួលខុសត្រូវ។
មន្ទីរពេទ្យរដ្ឋ Ram Manohar Lohia ក្នុងរដ្ឋធានី New Delhi បានបង្កើតគ្លីនិកពិសេសសម្រាប់ជំងឺទាក់ទងនឹងការបំពុល ដែលក្រុមគ្រូពេទ្យបាននិយាយថា អ្នកជំងឺបានត្អូញត្អែរពីការក្អក ក្រហាយក្នុងភ្នែក និងឈឺបំពង់កជាដើម៕






