ខេត្តបន្ទាយមានជ័យ៖ ស្រូវប្រហែលជា២ហិកតា ត្រូវបានអគ្គីភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងនៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ នៅចំណុចខាងត្បូងផ្លូវរថភ្លើង១០២០០ម៉ែត្រ ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅក្នុងហេតុការណ៍នោះដែរ កងកម្លាំងនគរបាលស្រុកអូរជ្រៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម សារ៉ាត់ អធិការរងទទួលសេនាធិការដ្ឋាន និងលោកអនុសេនីយ៍ឯក រី សារ៉េត អធិការរងទទួលកិច្ចការប៉ុស្តិ៍ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកូប និងកម្លាំងប្រជាការពារ រួមជាមួយប្រជាពលរដ្ឋ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងផងដែរ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលរងនូវការខូចខាតស្រូវដោយសារអគ្គីភ័យនេះ មានចំនួន៤នាក់ដែលមានម្ចាស់ឈ្មោះ ២/. លឹម យ៉ៃ ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ឆេះអស់ចំនួន ៣រ៉ៃ), ទី២/. ម្ចាស់ឈ្មោះ សើន សុភ័ក្រ្ត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ បន្ទាយមានជ័យ (ឆេះអស់៣រ៉ៃ), ទី៣/. ម្ចាស់ឈ្មោះ ខឿន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំកូប (ឆេះអស់៣រ៉ៃ), និងទី៤/. ម្ចាស់ឈ្មោះ ឆែម រី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំកូប (ឆេះអស់៣រ៉ៃ) សរុបទាំងអស់ប្រហែល២ហិតា (៤ម្ចាស់)។
លោកអធិការបានបញ្ជាក់ថា ក្រោយពីកើតហេតុឆ្លងតាមការសាកសួរព័ត៌មាន គឺមុនពេលកើតហេតុ ក្រុមក្មេងឃ្វាលគោបានដុតនាំគ្នាដុតខ្យង និងត្រី ហើយពន្លត់មិនអស់ ទើបបណ្តាលអោយរាលឆេះស្រូវតែម្តង។ ជាមួយគ្នានោះដែរ លោកអធិការបានផ្តាំផ្តើដល់ប្រជាពលរដ្ឋ ត្រូវតែណែនាំកូនចៅ កុំឲ្យមានការដុតភ្លើងនៅវាលស្រែ នាំឲ្យមានភ្លើងឆាបឆេះ បង្កឲ្យខូចខាតទ្រព្បសម្បត្តិរបស់អ្នកដទៃ ព្រោះរដូវនេះ គឺជារដូវក្តៅហួតហែង វាងាយនឹងបង្កឲ្យកើតមានអគ្គីភ័យ៕ នុប រក្សា






