(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា និងបានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ ដែលបានជួយសង្គ្រោះជីវិតរបស់គាត់ពីកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលរបស់លោក ត្រូវបានបង្ខំឲ្យការពារការឆ្លើយតប ចំពោះការឆ្លងវីរុសនេះដោយសារចំនួនអ្នកស្លាប់ បានកើនដល់ ១០,៦១២ នាក់ ក្នុងពេលមានករណីសរុបចំនួន ៨៤.២៧៩នាក់ ។
អ្នកស្លាប់កាលពីថ្ងៃសុក្រ មានចំនួន ៩៨០ នាក់ លើសចំនួនកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងប្រទេសអ៊ីតាលី ដែលជាប្រទេសរងគ្រោះខ្លាំងបំផុតនៅអឺរ៉ុប ។
គួរម្លឹកផងដែរថា លោក Boris Johnson អាយុ ៥៥ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ St Thomas ‘ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី៥ ខែមេសា ។
អង់គ្លេសឈរលំដាប់ទី៦ ក្នុងពិភពលោកនៃការរាតត្បាតពីកូវីដ១៩ ហើយក៏ឈរនៅលេខ៥ នៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីអេស៉្បាញលេខ១ អ៊ីតាលីលេខ២ បារាំងលេខ៣ និងអាល្លឺម៉ង់ លេខ៤ ៕






