ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យ បើកបរដឹកបង្កើនការយកចិត្តទុកដាក់លើការបើកបររបស់ខ្លួនឱ្យមានការយោគយល់អធ្យា ស្រ័យខ្ពស់ ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថនៅពេលបើកបរ មានសណ្តាប់ធ្នាប់ និងប្រកប ដោយសុវត្ថិភាព និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។
លោក សុខុម វីរផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបើកវគ្គបណ្តុះបណ្តាលស្ដីពីចំណេះ ដឹងដែលអ្នកបើកបរទោចក្រយានយន្ត ទោចក្រ យានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសិក្ខាកាមចំនួនប្រមាណ១០០នាក់ និងមានការបង្ហាត់បង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
លោកអគ្គនាយរង សុខុម វីរផល បានលើកឡើងថាបណ្តុះ បណ្តាលនេះ មានគោលបំណងបង្កើនសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកដឹកជញ្ជូន ដែលផ្តល់សេវាដឹកជញ្ជូនចំណីអាហារតាមរយៈម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរ។ យោងតាមអង្គការ UNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងមួយថ្ងៃគិតជាមធ្យមមានមនុស្ស ៥នាក់បានស្លាប់ និងរងរបួស ១០នាក់ ហើយគ្រោះថ្នាក់នេះ បានធ្វើឱ្យកម្ពុជាខាតបង់ផលិត ផលក្នុងស្រុកសរុប (GDP) ប្រមាណ ២,៥% ទៅ៣% ក្នុងមួយឆ្នាំ។ ចំណែកឯការកកស្ទះចរាចរណ៍វិញ ធ្វើឱ្យខាតបង់ប្រាក់ប្រមាណ ៧២លានដុល្លាក្នុងមួយឆ្នាំ។
លោកបានបន្ថែមថា របាយការណ៍របស់គណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញ ផងដែរថា៖ អ្នកស្លាប់ជាអ្នកជិះម៉ូតូមាន៧៨%នៃអ្នកស្លាប់សរុប អ្នកថ្មើរជើងមាន៨% អ្នកជិះរថយន្តដឹក អ្នកដំណើរ៤% រថយន្តដឹកទំ និញមាន៣% និងផ្សេងៗទៀត។
និងយោងតាមទស្សនាវដ្តីសុខភាព និងការដឹកជញ្ជូន(២០១៩) បានបង្ហាញថា៖ ៦៣% នៃអ្នកដឹកជញ្ជូនបានចតនៅ កន្លែងហាមឃាត់ ដើម្បីយកឥវ៉ាន់ជូនអតិថិជន ហើយ ៣០%នៃអ្នកដឹកជញ្ជូនបើកបររំលោភភ្លើងសញ្ញាចរាចរណ៍(ភ្លើង ក្រហម)។
ចំណែកឯសាកលវិទ្យាល័យឡុនដុន (University College London) បានបង្ហាញថា៖ ៤៧% នៃអ្នកដឹកជញ្ជូន ចំណីអាហារបើកលើសល្បឿនកំណត់ក្រោមសំពាធពីការទទួលកុម្មងទិញ ដែលជាហេតុធ្វើឱ្យក្រុមអ្នកដឹកជញ្ជូនងាយរងគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹក ជញ្ជូន គ្រោងរៀបចំកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀតជូនដល់ក្រុមអ្នកដឹកជញ្ជូនតាមរយៈក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនិញនានា ដែលជាដៃគូ សហការសម្រាប់ធ្វើការបណ្តុះ បណ្តាលជូនដល់ប្រតិបត្តិករដែលធ្វើប្រតិបត្តិការដឹកជញ្ជូនឱ្យកាន់តែយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក៕







