ដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ ខែមេសានេះ បានចុះផ្សាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានជំរុញឲ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសទទួលយកសំណើរបស់អ៊ីស្រាអែលចំពោះបទឈប់បាញ់ក្នុងសង្គ្រាមនៅ ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងមួយចំនួន។ នៅកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានឲ្យដឹងថា សំណើរបស់អ៊ីស្រាអែលដែលប្រគល់ទៅឲ្យក្រុមហាម៉ាសរួមមានបទឈប់បាញ់រយៈពេល ៤០ ថ្ងៃនៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ជាថ្នូរនឹងការដោះ លែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួន ។
លោកសង្ឃឹមថា ក្រុមហាម៉ាសនឹងទទួលយកសំណើនេះ ហើយបានសង្កត់ធ្ងន់ថា សង្រ្គាមនឹងមិនបញ្ចប់នោះទេរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ដាក់ក្ដីសង្ឃឹមដែរថា ក្រុមហាម៉ាសនឹងទទួលយកសំណើនេះ។ សំណើបទឈប់បាញ់រយៈ ពេល ៤០ ថ្ងៃនេះកើតឡើង នៅពេលដែលគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហាម៉ាសធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់ការចរចាចុងក្រោយដែលមានគោល បំណងផ្អាក ឬបញ្ឈប់សង្គ្រាមឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ខណៈគណៈប្រតិភូក្រុមហាម៉ាសរំពឹងឆ្លើយ តបទៅនឹងសំណើចុងក្រោយនេះ។ អេហ្ស៊ីប កាតា និងអាមេរិកបានធ្វើការសម្រុះ សម្រួលកិច្ចព្រមព្រៀងរវាងអ៊ីស្រា អែល និងក្រុមហាម៉ាសអស់រយៈពេលជាច្រើនខែ ប៉ុន្តែការចរចារការទូតនៅប៉ុន្មានថ្ងៃថ្មីៗនេះហាក់ដូចជាបង្ហាញពីការជំរុញថ្មីមួយឆ្ពោះទៅរកការបញ្ឈប់ភ្លើងសង្គ្រាមជិត ៧ ខែនេះ៕