ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ។
ការប្តេជ្ញានេះធ្វើឡើងរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នៅវិមានសន្តិភាព។
ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតបានអរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩។
បន្ថែមលើនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពរំឭកជូនសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងប្រទេសទាំងពីរ។
ឯកឧត្តម ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ ទំនងការទូតរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដែលមានជាយូរអង្វែងមកហើយ។
ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានអបអរសាទរចំពោះ ឯកឧត្ដម Kyaw Soe Min ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា រាជរដ្ឋា ភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តអនុវត្តគោលនយោបាយដូចរាជរដ្ឋាភិបាលនីតិកាលមុនៗ ដោយបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា- មីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។
សម្តេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីអំពីការបន្តភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពល រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕






