យោងតាមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា បុរសម្នាក់បានដុតខ្លួនឯង នៅមុខស្ថានទូតអ៊ីស្រាអែល នៅវ៉ាស៊ីនតោនឌីស៊ី។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ១៣:០០ ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ។ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុងបានរាយការណ៍ថា មន្រ្តីមកពីសេវាសម្ងាត់អាមេរិក បានពន្លត់អណ្តាតភ្លើង មុនពេលបុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យដោយមានរបួសធ្ងន់ធ្ងរ និងប៉ះពាល់ដល់អាយុជីវិត។ នាយកដ្ឋានប៉ូលីសវ៉ាស៊ីនតោន កំពុងស៊ើបអង្កេតរួមជាមួយសេវាសម្ងាត់ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា បុរសនោះមិនត្រូវបានគេស្គាល់ថា ជាបុគ្គលិកស្ថានទូតនោះទេ។ អង្គភាពកម្ចាត់គ្រាប់បែក ត្រូវបានបញ្ជូនទៅកាន់កន្លែងជុំវិញការព្រួយ បារម្ភអំពីរថយន្តគួរឱ្យសង្ស័យ អាចទាក់ទងនឹងបុគ្គលម្នាក់នោះ។ ក្រោយមកគេក៏បានប្រកាសថា គ្រប់យ៉ាងមានសុវត្ថិភាព បន្ទាប់ពីពួកគេមិនបានរកឃើញវត្ថុដែលមានគ្រោះថ្នាក់។ អ្នកនាំពាក្យរបស់ស្ថានទូតបានប្រាប់កាសែត New York Times ថា មិនមានបុគ្គលិកស្ថានទូតណាម្នាក់រងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលមានអ្នកបានដុតខ្លួនឯងនៅចំ ពោះមុខបេសកកម្មការទូតរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






