ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធរជួយជួយអន្តរាគមន៍ធ្វើយ៉ាងណាសម្រួ លលើនីតិវិធី នៃការធ្វើប្លង់កម្មសិទ្ធិដីធ្លីអោយនៅចំនួនតិច ការសុំធ្វើផ្លូវ លូ ដើម្បីដោះស្រាយបញ្ហាលិចលង់ បញ្ហាចោរលួច ចោរប្លន់ និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានដែលបាននិងកំពុងកើតមានជាហូរហែរ។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបញ្ហាទឹកលិច បញ្ហាប្លង់កម្មសិទ្ធិ និងបញ្ហាគ្រឿងញៀន គឺជាកង្វល់រួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការស្នើសុំអោយអាជ្ញាធររាជធានីជួយអន្តរាគមន៍លើនីតិវិធីនៃការធ្វើប្លង់កម្មសិទ្ធិដីធ្លីអោយនៅចំនួនតិច មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ នៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរនេះ បានចែកជា៨ក្រុមដើម្បីបំពេញការងារលើការផ្តល់ប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ។
ការបំពេញឯកសារ មានភាពសាំញាំនោះ គឺដោយសារប្រជាពលរដ្ឋមិនមានឯកសារគ្រប់គ្រាន់ ដូចជាអ្នកខ្លះឈ្មោះក្នុងសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតខុសគ្នា ដែលតម្រូវអោយពួកគាត់កែតម្រូវជាដើម។
ចំពោះការសុំធ្វើផ្លូវ ប្រព័ន្ធលូ ការស្នើសុំដោះស្រាយបញ្ហាលិចលង់ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា បញ្ហានេះអាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូនប្រជាណលរដ្ឋ តែយើងមិនអាចដោះស្រាយបានភ្លាមៗ និងបាន១០០%នោះទេ។ ចំពោះការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង គឺវាតែងតែកើតឡើង ដោយសារថា តំបន់មួយចំនួននៅក្នុងខណ្ឌច្បារអំពៅនេះ ត្រូវបានអភិវឌ្ឍ ដោយការចាក់ដីបំពេញ និងបានយកនីវ៉ូផ្លូវជាតិលេខ១និងផ្លូវថៃហ្គើ(ផ្លូវលេខ១១៤)ជាគោល ដែលមានកំពស់ខ្ពស់ជាងភូមិដ្ឋានរបស់ពួកគាត់ប្រមាណ២ម៉ែត្រ ទើបធ្វើអោយលំនៅដ្ឋានរបស់ពួកគាត់លិចលង់។
ពាក់ព័ន្ធ បញ្ហាចោរលួច ចោរប្លន់និងបញ្ហាគ្រឿងញៀនវិញ លោកអធិការខណ្ឌច្បារអំពៅ ក៏បានធ្វើការបកស្រាយផងដែរ ដោយករណីបែបនេះ កងកម្លាំងនិងពង្រឹកកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយកាន់តែល្អថែមទៀត ជាមួយនឹងការសន្យាលុបបំបាត់គ្រឿងញៀនអោយអស់ពីមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន៕






