អង្គការសុខភាពពិភពលោក(WHO) នឹងចំណាយថវិកាចំនួន ៩០ ម៉ឺនដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងក្នុងការការពារការផ្ទុះឡើងនៃវីរុសកូវីដ-១៩។
យោងតាមទិន្នន័យដែលបានចុះផ្សាយនៅលើគេហទំព័រនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា អង្គការសុខភាពពិភពលោកនឹងចំណាយថវិកានេះសម្រាប់សកម្មភាពនានាដែលឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងជើង។
គេហទំព័រនេះបានបង្ហាញថាថវិកាទាំងនោះត្រូវបានផ្តល់ជូនតាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ(U.N) ទៅកាន់មូលនិធិឆ្លើយ តបគ្រោះអាសន្នកណ្តាល (CERF) របស់ប្រទេសកូរ៉េខាងជើង សម្រាប់ឆ្លើយតបសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងចំពោះករណីផ្ទុកវីរុសកូវីដ-១៩។
ប្រទេសកូរ៉េខាងជើងមិនបានរាយការណ៍ពីករណីឆ្លងនៃជំងឺរលាកផ្លូវដង្ហើមថ្មីនោះទេ ប៉ុន្តែប្រទេសនេះបានបង្កើនកិច្ចប្រឹងប្រែង ប្រឆាំងនឹងមេរោគដោយបិទព្រំដែនប្រទេស និងបានរឹតបន្តឹងការ ស្នាក់នៅដោយឡែកពីគ្នា។
ទោះជាយ៉ាងនេះក្ដី គេបានសង្ស័យថា កូរ៉េខាងជើងអាចនឹងលាក់បាំងការផ្ទុះឡើងនៃវីរុសនៅក្នុងប្រទេសខ្លួន៕