ឯ.ឧ វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់ ក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋនិងកាត់បន្ថយក្នុងការដាក់សំពាធលើធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យអនុវត្តតាមនៅតាមបណ្តាខេត្តនានា។
ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ នៅឆ្នាំនា ២០០៩ អនុវត្តបានត្រឹមតែ ៥០ ០០០តោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើឡើងរហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះ ផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួន ៧ម៉ឺន ១ ៥៣៦តោន ហើយនិងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២២ លានក្បាល នេះបញ្ជាក់ឱ្យឃើញថា ទិន្នផលវារីវប្បកម្មកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរយៈពេល៥ឆ្នាំចុងក្រោយនេះកំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ ដែលប្រជាកសិករបានទទួលយកនូវបច្ចេកទេសវារីវប្បកម្មដែលរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលបានអនុវត្តកន្លងមក។
តាមរយៈផែនការយុទ្ធសាស្រ្តនេះ ជាគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤០ ០០០តោន នាឆ្នាំ២០២៤ ខាងមុខនេះ ដែលមានកំណើន ជាមធ្យម២០% ជារៀងរាល់ឆ្នាំ។ ដោយនៅក្នុងយុទ្ធសាស្រ្តនេះ ផ្តោតសំខាន់ទៅលើ៧ចំណុចសំខាន់ៗ៖
(១) គុណភាពពូជសម្រាប់ប្រភេទត្រីនានា
(២) បង្កើនការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ
(៣) ធានាបាននូវការផ្គត់ផ្គង់ចំណីប្រកបដោយនិរន្តរភាព
(៤) បង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័ន
(៥) ថែរក្សាគុណភាពបរិស្ថាននិងកាត់បន្ថយដោយជំងឺ
(៦) បង្កើនគុណភាព និងតម្លៃនៃផលិតផលវារីវប្បកម្មកែច្នៃ
(៧) សម្របសម្រួលក្នុងការផ្តល់នូវសេវាឥណទានវារីវប្បកម្ម៕






