ខេត្តកំពង់ស្ពឺ៖ បុរសជាអ្នករត់តាក់ស៊ីម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាមខណៈដែលសង្ស័យ ត្រូវចោរប្លន់យកកាំបិតចាក់ធ្លាយពោះ យករថយន្តមួយគ្រឿងជិះគេចខ្លួនបាត់ស្រមោល បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺ។
ហេតុការណ៍ចាក់សម្លាប់មនុស្សនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ខែមេសាឆ្នាំ២០២០នៅចំណុចមុខផ្សារកំពង់ស្ពឺ គល់ស្ពានអាកាសសង់ថ្មី ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺបានឲ្យដឹងថាជនរងគ្រោះដែលត្រូវចោរប្លន់យករថយន្តនេះមានឈ្មោះ ម៉ឺន ចេក ភេទប្រុសអាយុ៥០ឆ្នាំមុខជាអ្នករត់តាក់ស៊ីរស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់ដោយជនសង្ស័យរុញទម្លាក់ពីលើរថយន្តហើយក៏ជិះរថយន្តចេញទៅទិសខាងកើតបាត់ទៅ។
ប្រជាពលរដ្ឋអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឃើញរថយន្ត១គ្រឿង ពណ៌សមិនចាំម៉ាក និងស្លាកលេខ បើកយកជនរងគ្រោះទម្លាក់ពីលើរថយន្តដោយមានកាំបិតជាប់ពោះថែមទៀតផង។ ហើយរថយន្តក៏បានបន្ថែមល្បឿនរត់ទៅទិសខាងកើតបាត់ស្រមោល។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕






