ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ប៉ើងទើលើដំបូលរថយន្តដូចក្នុងរឿងកុន និងស្ត្រីម្នាក់ទៀតរបួសស្រាល ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវបានរថយន្តដឹកកម្មករបើកលឿនបញ្ច្រាសទិស បុកចំពីមុខយ៉ាងពេញទំហឹង។ ក្រោយបង្កហេតុរួច តៃកុងរថយន្តបាត់រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ០៤និង៥០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧ ទៅលេខ១៨ ស្ថិតនៅក្នុងភូមិខ្លែងពណ៌ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកគងពិសី បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េដឹកកម្មកររោងចក្រ ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9314 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុជាង៣០ឆ្នាំ។ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង ម៉ាក (វីស្តុន) ពណ៌ទឹកប៊ិច គ្មានស្លាកលេខនោះទេ ដែល បើកបរដោយឈ្មោះ មុយ ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិក្រាំងឃ្នង ឃុំព្រៃញាតិ គងពិសី (អត់ពាក់មួកសុវត្ថិភាព) បានប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ចំណែកអ្នករួមដំណើរជាមួយមានឈ្មោះ ជួន ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រដូចគ្នា រស់នៅភូមិឃុំជាមួយគ្នា(អត់ពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ធ្ងរ ខណៈដែលបើកបរពីទិសខាងត្បូង ទៅជើង បណ្តាលអោយយុវជនអ្នកបើកបរម៉ូតូ ប្រកាច់ស្លាប់ភ្លាមៗ ហើយអ្នករួមដំណើរផ្លោងប៉ើង ហោះឡើងលើដំបូលរថយន្ត សន្លប់ស្តូកស្ដឹង។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះមកធ្វើការវាស់វែង ហៅរថយន្តសាមុយ ដឹកអ្នករងរបួសទៅព្យាបាលភ្លាមៗ។
ហេតុការនេះ បានបណ្ដាលអោយខូចខាតដូចខាងក្រោម÷ ឈ្មោះ មុយ ចាន់ណា ប្រុស អ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ឈ្មោះ ជួន ម៉ៅ ប្រុស អ្នករួមដំណើរបួសធ្ងន់។ ឈ្មោះ សេន ស្រីមិត ភេទស្រី អាយុ៣១ឆ្នាំ ជាកម្មការិនី រស់នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះក្នុងរថយន្តនោះ បានបោកក្បាលនឹងរថយន្ត រងរបួសស្រាល។ ចំពោះរថយន្តបង្កហេតុ និងម៉ូតូរងការខូចធ្ងន់ នគរបាលស្រុកបានដឹកយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពយុវជនខាងលើ នគរបាលបាន ប្រគគល់អោយក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន