មនុស្សបួននាក់បាន រងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ ពីត្រូវរន្ទះបាញ់ នៅជិតសេតវិមាន។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា បុរសពីរនាក់ និងស្ត្រីពីរនាក់ស្ថិតនៅក្នុងឧទ្យាន ឡាហ្វាយេត ក្នុងទីក្រុង វ៉ាស៊ីនតោនឌីស៊ី។ អំឡុងពេលមានព្យុះដ៏ខ្លាំងក្លាមួយនៅពេលដែលពួកគេត្រូវបានរន្ទះបាញ់។ ដោយសារតែឧទ្យាននៅជិតកន្លែងធ្វើការរបស់ប្រធានាធិបតីអាមេរិក សមាជិកនៃសេវាកម្មសម្ងាត់គឺជាមនុស្សដំបូងគេដែលជួយជនរងគ្រោះ។ រីឯអត្តសញ្ញាណអ្នករង របួសមិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ រន្ទះបានវាយប្រហារ មនុស្សបួននាក់នៅក្បែរ ដើមឈើក្បែររបង ដែលនៅជុំវិញបរិវេណសេតវិមាន នៅល្ងាចថ្ងៃព្រហស្បតិ៍។ ឌីស៊ី ហ្វាយអឺ (DC Fire) និងអ៊ីអិមអេស ( EMS ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងបួននាក់បានរងរបួសធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់អាយុជីវិត។ លើសពីនេះ អ្នកជម្ងឺទាំងបួននាក់ ត្រូវបានដឹកយ៉ាងឆាប់រហ័សបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដោយសារពួកគេអាចព្យាបាលបាន។ មន្ត្រីមិនបានដឹងថាតើពួកគេស្គាល់គ្នា ឬធ្វើអ្វីមុននឹងរន្ទះបាញ់នោះទេ។ ក្រោយកើតហេតុ ឧទ្យានមួយផ្នែកនៅតែបិទដដែល ដោយមានសេវាសង្គ្រោះបន្ទាន់នៅកន្លែងកើតហេ សេវាអាកាសធាតុជាតិបានចេញការព្រមានអំពីព្យុះផ្គររន្ទះសម្រាប់តំបន់នេះនៅល្ងាចថ្ងៃព្រហស្បតិ៍។ គួរបញ្ជាក់អោយដឹងផងដែរថា ឡាហ្វាយេត ឃ្វារ (Lafayette Square) គឺជាសួនសាធារណៈទំហំ៧ហិចតានៅភាគខាងជើងនៃសេតវិមាន៕
ប្រែសម្រួលដោយ : សាំង ម៉ីស៊ូ






