សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹក ថ្ងៃ២៤ ខែឧសភា បានអញ្ជើញសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ។ និស្សិតបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនៅថ្ងៃទី២៥ ខែឧសភា មានចំនួន ៨៨៨ នាក់ ( នារី ៣៨៦ នាក់ ស្មើ ៤៣.៤៧% ) ក្នុងនោះមួយរូបជាជនពិការ (ថ្លង់) បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០២០ -២០២១ និង២០២១- ២០២២ ដោយជោគ ជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសា និងអារ្យធម៌បូព៌ាប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។
បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានក្រុម ប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូ និងបុគ្គលិក សរុបចំនួន ៣៣១នាក់ ( នារី ៩១នាក់ ស្មើ ២៧.៤៩%) ក្នុងនោះ មានបុគ្គលិកពិការ ចំនួន ៣នាក់។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះ បណ្តាលនិស្សិត លើជំនាញទាំង ៥មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥នាក់ (នារី ១,១៩៤ នាក់ ស្មើ ៤៤.៤៧% ) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦នាក់ (ស្រី ៣នាក់)។
សូមបញ្ជាក់ថា ដោយផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុងនោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។
កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះបឋម សិលា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លានដុល្លារ។
អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣បន្ទប់។ ក្រៅពីនេះ មានចំណត រថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។
ក្រុម ហ៊ុនដែលទទួលការងារសាងសង់អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។
ចំណែកផ្ទៃដីទំហំជិតមួយហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ៥.៣លានដុល្លារ។
មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដសាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ ផ្តើមក្នុងពេលខាងមុខនេះ ដោយគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៤៕






