ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ បានដឹកនាំកិច្ច ប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំពិធី បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដោយមានការ ចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តប្រមាណ ១២០ នាក់។
ពិធីបុណ្យទន្លេនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ក្នុងពិធីបុណ្យទន្លេលើកទី៧នេះ នឹងមានព្រឹត្តិការណ៍ និងសកម្មភាពទាក់ទាញជាច្រើន ដូចជា៖ ការផ្សាយផ្ទាល់នូវការសម្ដែងទស្សនី យភាពសិល្បៈ និងការប្រគុំតន្រ្តី មហាស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក សកម្មភាពកីឡាលើគោក និងលើទឹក។
ដើម្បីជំរុញដំណើរការរៀបចំបុណ្យទន្លេលើកទី៧នេះឲ្យបានរលូន និងទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយលេខ ០៩សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ដីពីការបង្កើតគណៈ កម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ ចាបពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។
ឯកឧត្តម ថោង ខុន ប្រធានអង្គប្រជុំបានណែនាំដល់អនុ គណៈកម្មការទាំងអស់ និងលេខាធិការដ្ឋាន បន្តខិតខំអនុវត្តការងាររបស់ខ្លួនឲ្យបានល្អ ដោយសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជន សំដៅធ្វើឲ្យព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្ត កំពង់ធំ ក្លាយជាឱកាសដ៏ល្អប្រសើរសម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ពិសេសលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់ខេត្តកំពង់ធំ៕






