ខេត្ដព្រៃវែង ៖ រថយន្ត១គ្រឿង តៃកុងបើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោងខ្វះការប្រុងយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ដែលកំពុងបើកបរបញ្ជ្រាស់ទិសគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួស។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង 11និង10នាទីព្រឹក ថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រៃស្រមោច, ឃុំអង្គររាជ្យ, ស្រុកព្រះស្តេច, ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ ពណ៌ស ពាក់ស្លាកលេខ “ព្រៃវែង3A.0895” បើកដោយជនមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់មុនពេលកម្លាំងចុះទៅដល់។
ចំណែកជនរងគ្រោះឈ្មោះ ហុល ខាន់ ភេទប្រុស អាយុ56ឆ្នាំ មានទីលំនៅភូមិបឹងឥដ្ធ, ឃុំអង្គរាជ្យ, ស្រុកព្រះស្តេច បើកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ “កណ្តាល1J.9144” បានរងរបួស ត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅពេទ្យបង្អែកស្រុកព្រះស្ដេច។
បើតាមប្រភពព៌តមាននិយាយថា មុនពេលកើតហេតុគេឃើញភាគីរថយន្ត បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្ន ក៍ជ្រុលចង្កូតទៅបុកភាគីម៉ូតូ ដែលកំពុងបើកបរច្រាស់គ្នា ពីកើតទៅលិចទាំងកំរាល បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសតែម្តង។
ក្រោយទទួលបានព៌តមាន នគរបាលជំនាញសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដើម្បីបំពេញបែបបទតាមនីតិវិធី៕ សុឹម សាន់