មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ មេសា ២០២០នេះថា លោកបានបញ្ជាឲ្យជំនាញពាក់ព័ន្ធដាក់គោលដៅចំនួន៥កន្លែង ដើម្បីណែនាំទប់ស្កាត់ការធ្វើដំណើរ ឆ្លងស្រុក-ខេត្តរបស់ពលរដ្ឋទៅស្រុកកំណើត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ១៩ ។
ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងទៀតថា គោលដៅទាំង៥កន្លែងមាននៅក្នុងក្រុងសែនមនោរម្យចំនួន ៣គោលដៅ និងនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-ក្រចេះ១គោលដៅ ព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនៈគិរី១គោលដៅទៀត ។
ឯកឧត្ដមបញ្ជាក់ទៀតថា ការណែនាំទប់ស្កាត់ការធ្វើដំណើររបស់ពលរដ្ឋបានធ្វើឡើងតាំងពីម៉ោង២៤:០០រំលងអាធ្រាត ថ្ងៃទី០៩ មេសា រហូតដល់វេលាម៉ោង២៤:០០ ថ្ងៃទី១៦ មេសា តាមការដាក់កំហិតរបស់រាជរដ្ឋាភិបាល ។
អភិបាលខេត្តមណ្ឌលគិរី ក៏បានសំណូមពរទៅដល់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរី កុំឲ្យមានការជ្រួលច្របល់ភ័យខ្លាច ជុំវិញពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយតៗគ្នាថា ខេត្តមណ្ឌលគិរីមានមន្ត្រីរាជការបានឆ្លងជម្ងឺកូវីដ១៩ ពីមន្ត្រីថ្នាក់ជាតិ ម្នាក់ដែលមកបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី បង្កឲ្យមានការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងខេត្ត ។
ករណីនេះមន្ត្រីជំនាញបានពិនិត្យលើអ្នកពាក់ព័ន្ធពុំទាន់រកឃើញបុគ្គលណាមួយសង្ស័យថាឆ្លង ឬមានរោគសញ្ញា ដូចក្នុងនិយមន័យជំងឺកូរវីដ១៩នៅឡើយទេ ៕